(ភ្នំពេញ)៖ ជនជាតិម៉ាឡេស៊ីម្នាក់ និងខ្មែរ៣នាក់ (ស្រី២នាក់) សរុប៤នាក់ រួមជាមួយវត្ថុតាងមួយចំនួន សង្ស័យប្រព្រឹត្តបទល្មើសអនឡាញស្គេម (Online Scams) ត្រូវបានបង្ក្រាប និងឃាត់ខ្លួន ហើយដកហូត នៅក្នុងប្រតិបត្តិការបន្តចុះត្រួតពិនិត្យរដ្ឋបាលតាមទីតាំងរស់នៅប្រមូលផ្ដុំ និងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញស្គេម (Online Scams) ដោយកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ តាមការដឹកនាំបញ្ជាយ៉ាងយកចិត្តទុកដាក់ពីសំណាក់ លោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលនីតិវិធីដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ប្រតិបត្តិការនេះដឹកនាំបញ្ជាផ្ទាល់ដោយលោក ជិន ប៊ុនធឿន អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដែលបានអនុវត្តឡើងចំនួន២គោលដៅផ្សេងគ្នា ដោយទីតាំងទី១-ឋិតនៅក្នុងបន្ទប់ជួលលេខA01 នៅតាមបណ្ដោយផ្លូវបេតុង ក្នុងក្រុមទី០៥ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ និងទីតាំងទី២-ស្ថិតនៅចំណុចផ្ទះលេខWB១៣០ នៅតាមបណ្ដោយផ្លូវលេខ៣ ក្នុងក្រុមទី១០ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នាយប់ថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦។
បើតាមអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ លោក ជិន ប៊ុនធឿន បានឱ្យដឹងថា ជាលទ្ធផលនៃកិច្ចប្រតិបត្តិការបន្តចុះត្រួតពិនិត្យរដ្ឋបាលតាមទីតាំងរស់នៅប្រមូលផ្ដុំ និងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញស្គេម (Online Scams) សម្រាប់ទីតាំងទី១ ឋិតនៅក្នុងបន្ទប់ជួលលេខA01 កម្លាំងចម្រុះបានរកឃើញជនជាតិខ្មែរ ចំនួន០៣នាក់ (ស្រី០២នាក់) រួមជាមួយវត្ថុតាងទូរស័ព្ទ ចំនួន៤៥គ្រឿង លេខស៊ីមកាត ចំនួន១៥៤ស៊ីម និងមានការចែកចាយស៊ីមកាតក្រៅប្រទេស ដោយប្រព្រឹត្តបទល្មើសអនឡាញស្គេម (Online Scams)។
លោកអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ បានឱ្យដឹងទៀតថា សម្រាប់ទីតាំងទី២ ស្ថិតនៅផ្ទះលេខWB១៣០ កម្លាំងចម្រុះបានរកឃើញជនជាតិម៉ាឡេស៊ីប្រុសម្នាក់ និងទូរស័ព្ទដៃ ចំនួន៥៤០គ្រឿង ម៉ូនីទ័រចំនួន១៤គ្រឿង កុំព្យូទ័រ ALL IN ONE ចំនួន១០គ្រឿង CPU ចំនួន២១គ្រឿង លិខិតឆ្លងដែន ចំនួន០៧ក្បាល ស៊ីមកាតបរទេសមួយចំនួនធំ និងដុំ WI-FI ចំនួន០៥គ្រឿង រថយន្ត១គ្រឿងម៉ាក BYD ពាក់ស្លាកលេខភ្នំពេញ 2BS-2954 និងម៉ូតូចំនួន០៣គ្រឿងទៀត ដោយសង្ស័យពាក់ព័ន្ធប្រព្រឹត្តបទល្មើសអនឡាញស្គេម (Online Scams)។ បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ប្រគល់ទៅឱ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕




















































