ខ្លាសអាស៊ីធីវី

ល្បែងឡូតូអនឡាញបង្កប់ក្នុង (ហាងកាហ្វេហេងលាភ១៦៨) នៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ, ពលរដ្ឋសំណូមពរដល់អភិបាលខណ្ឌ អធិការខណ្ឌ និងចៅសង្កាត់ ឱ្យជួយបង្ក្រាប

ពីនេះពីនោះ

(ភ្នំពេញ)៖ បើឈរមើលពីខាងមុខ (មិនឃើញទេ) ទាល់តែចូលទៅខាងក្នុង នោះគឺប្រភេទល្បែងឡូតូអនឡាញ ៨៨៨៨ ដែលបាននិងកំពុងលួចបើកដំណើរការស្ងាត់ៗ និងទទួលភ្ញៀវចូលចាក់លេងកំសាន្ដសប្បាយ ដោយគ្មានខ្លាចញញើតនោះឡើយ និងបង្កប់នៅក្នុង (ហាងកាហ្វេហេងលាភ១៦៨) មួយកន្លែង ឋិតនៅខាងកើតផ្សារសាំហាន់ តាមបណ្ដោយផ្លូវលេខ១០៣ ក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជាមួយការលួចបង្កប់បើកល្បែងល្មើសច្បាប់នៅក្នុង (ហាងកាហ្វេហេងលាភ១៦៨) ខាងលើនេះ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ប្រជាពលរដ្ឋ និងស្នើសុំមិនបញ្ចេញឈ្មោះ តាមរយៈបណ្ដាញសារព័ត៌មាន សូមសំណូមពរយ៉ាងទទូច ហើយសង្ឃឹម នឹងជឿជាក់ថា អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ពិសេសលោក ជិន ប៊ុនធឿន អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ និងលោកស្រី រាជ ផាវឿន ចៅសង្កាត់ មេត្តាជួយចាត់វិធានការបង្ក្រាប ឫបិទចោលទាំងស្រុង នូវទីតាំងល្បែងឡូតូអនឡាញ ៨៨៨៨ ល្មើសច្បាប់នេះ ដើម្បីធានាដល់សន្តិសុខ និងសុវត្ថិភាព សម្រាប់មូលដ្ឋាន នៃការចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុច ក៏ដូចជា ស្របតាមលិខិតបទដ្ឋានគតិយុទ្ធនានា ដែលដាក់ចេញដោយថ្នាក់ដឹកនាំ រដ្ឋបាលរាជធានីភ្នំពេញ ក្រសួងមហាផ្ទៃ និងសម្ដេចហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា។

សូមបញ្ជាក់ថា សម្រាប់សំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ឱ្យជួយចាត់វិធានការបង្ក្រាប ឫបិទចោលទាំងស្រុង នូវទីតាំងល្បែងឡូតូអនឡាញ ៨៨៨៨ ល្មើសច្បាប់ខាងលើនេះដែរ បានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ ក្រោយពីប្រជាពលរដ្ឋ បានជ្រួលជ្រាប និងយល់ដឹងកាន់តែច្បាស់ អំពីចំណាត់ការរបស់ អភិបាលរាជធានីភ្នំពេញ ដែលបានចេញសេចក្ដីណែនាំ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសារាចរណែនាំ ហើយជាពិសេសសារសំឡេងរម្លឹករបស់ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ដល់អភិបាលរាជធានី-ខេត្តទូទាំងប្រទេស ឲ្យយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងល្មើសច្បាប់គ្រប់ប្រភេទ៕

https://api.whitetigertv-asia.com/uploads/images/1757751810784-photo_2025-09-13_15-23-01.jpghttps://api.whitetigertv-asia.com/uploads/images/1757751823701-photo_2025-09-13_15-02-36.jpghttps://api.whitetigertv-asia.com/uploads/images/1757751823702-photo_2025-09-13_15-02-43.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី