(ភ្នំពេញ)៖ ប្រជាពលរដ្ឋ តាមរយៈអ្នកសារព័ត៌មាន នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានឆ្លៀតឱកាសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ លោកវរសេនីយ៍ឯក ហ៊ាង ថារេត អធិការនគរបាលខណ្ឌ លោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ លោកនាយប៉ុស្ដិ៍ និងលោកមេភូមិផងដែរ ព្រោះបើគ្មានការជួយផ្ដល់កិច្ចអន្តរាគមន៍ ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ក្នុងមូលដ្ឋានពាក់ព័ន្ធនោះទេ ក៏មិនអាចឈានទៅដល់ការបិទទីតាំងបនល្បែងកន្ទុយឆ្នោតវៀតណាម និងឆ្នោតឡូតូអនឡាញមួយកន្លែង នៅក្នុងអាហារដ្ឋាន (ដារ៉ាមានមាន) បាននោះដែរ ក្នុងការរួមគ្នាអនុវត្ត «គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ប្រជាពលរដ្ឋ បានរាយការណ៍ប្រាប់អ្នសារព័ត៌មានឱ្យដឹងថា មានទីតាំងបនល្បែងស៊ីសងទទួលកត់ឆ្នោតវៀតណាម និងឆ្នោតឡូតូអនឡាញ១កន្លែង ស្ថិតនៅចំណុចអាហារដ្ឋាន ដែលមានយីហោឈ្មោះ (ដារ៉ាមានមាន) កែងផ្លូវលេខ១០៥ ហៅផ្លូវបុប្ផារាជធានី (ខាងជើងជាប់សណ្ឋាគារស្កាយទ្រី) ក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ បាននឹងកំពុងបើកចំហរទទួលភ្ញៀវចូលចាក់លេងយ៉ាងគគ្រឹកគគ្រេងរាល់ថ្ងៃ ដោយគ្មានខ្លាចញញើតអាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋដដែល ដោយសុំមិនបញ្ចេញឈ្មោះ និងតាមរយៈអ្នកសារព័ត៌មាន សូមសំណូមពរដល់លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ និងជាប្រធានគគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ, លោកវរសេនីយ៍ឯក ហ៊ាង ថារេត អធិការនគរបាលខណ្ឌ, លោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់, លោកនាយប៉ុស្ដិ៍ និងលោកមេភូមិ មេត្តាសហការជួយចាត់វិធានការបង្ក្រាបបិទចោលទាំងស្រុងផង នូវទីតាំងបនល្បែងស៊ីសងកត់ឆ្នោតវៀតណាម និងឆ្នោតឡូតូអនឡាញ១កន្លែងនេះ ដែលជាដើមចមបង្កឱ្យកើតមានឡើងនូវបទល្មើសចោរកម្មផ្សេងៗ ដូចជាអំពើ លួច ឆក់ ប្លន់ ជាដើម ដោយសេចក្ដីអនុគ្រោះផងទៅចុះ ដើម្បីចូលរួមបង្ការទប់ស្កាត់ និងអនុវត្តឱ្យមានប្រសិទ្ធភាពនូវ «គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុច» ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ មានសង្ឃឹមជឿជាក់ថា ថ្នាក់ដឹកនាំដែលពាក់ព័ន្ធក្នុងមូលដ្ឋានទាំងអស់ ប្រាកដជាយកចិត្តទុកដាក់ក្នុងការបង្ក្រាបនូវទីតាំងបនល្បែងស៊ីសង១កន្លែងនេះ ជាក់ជាពុំខានឡើយ បន្ទាប់ពីមានការជួយផ្សព្វផ្សាយបញ្ចូនសារតាមរយៈសារព័ត៌មាន និងក្រោយពីមានការយកចិត្តទុកដាក់ចេញសេចក្ដីណែនាំជាបន្តបន្ទាប់ ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទាំងផ្ទាល់និងតាមអនឡាញ ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំបេញ ជាពិសេសសារាចរណែនាំ ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទាំងផ្ទាល់និងតាមអនឡាញ ពីសំណាក់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងកាន់តែជាពិសេសទៅទៀតនោះ គឺសារសំឡេងរម្លឹកប្រកបដោយភាពឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដល់អភិបាលរាជធានី-ខេត្តទូទាំងប្រទេស យកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងក្នុងមូលដ្ឋាន ដែលល្មើសច្បាប់គ្រប់ប្រភេទ។
ខាងក្រោមនេះ ជាសារសំឡេងរំលឹករបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា «ចេញបញ្ជាឱ្យអភិបាលរាជធានី-ខេត្តនៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង ក្នុងករណីមានបន្តបើកថ្មីទៀត សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូនសម្តេច» កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ និងលិខិតនៃសារាចរណែនាំ ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ទាំងផ្ទាល់និងតាមអនឡាញ ៥ចំណុច កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ របស់ឯកឧត្តម អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងលិខិតនៃសេចក្ដីណែនាំ ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ទាំងផ្ទាល់និងតាមអនឡាញ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ របស់ឯកឧត្តម អភិបាលរាជធានីភ្នំបេញ៖