ខ្លាសអាស៊ីធីវី

អេមីរ៉ាតអារ៉ាប់រួម នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត

ព័ត៌មានជាតិ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ប្រចាំនៅព្រះរាជាណាចក្រម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, ឯកអគ្គរាជទូតបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគីUAE-កម្ពុជា។

ឯកឧត្តមបានគោរពជម្រាបជូនសម្តេចបវរធិបតីថា គណៈប្រតិភូនៃសភាពាណិជ្ជកម្ម UAE គ្រោងនឹងបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងពិភាក្សាអំពីកិច្ចសហការលើការរៀបចំពិព័រណ៍ពាណិជ្ជកម្មនៅកម្ពុជា ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ, ឯកឧត្តមឯកអគ្គរាជទូតនឹងមានជំនួបពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីពិភាក្សាអំពីការបន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរ និងដើម្បីបន្តពិភាក្សាលើការជំរុញការអនុវត្តកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានឯកភាពគ្នារួចហើយ ដើម្បីដាក់ចេញនូវផែនការអនុវត្តជាក់ស្តែង និង​ពិភាក្សាលេីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យភស្តុភារកម្ម, សន្តិសុខសាយប័រ, និងបញ្ញាសិប្បនិម្មិត។

ឯកឧត្តមឯកអគ្គរាជទូតក៏បានគោរពជម្រាបអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបន្ថែមទៀត តាមរយៈការបង្កេីនការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដែលផ្តោតលើការសិក្សា​ ជំនាញបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត។ ជាការឆ្លើយតប, សម្តេចបវរធិបតីបានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី​ នៃប្រទេសទាំងពីរ​ ជាពិសេសលើវិស័យទេសចរណ៍ តាមរយៈការបង្កើនជើងហោះហើរត្រង់ពី UAE មកកម្ពុជា។ ជាមួយគ្នានេះ សម្តេចបវរធិបតីបានថ្លែងអំណរគុណចំពោះ UAE ដែលបានរួមចំណែកកសាងធនធានមនុស្ស​ ក៏ដូចជាបានគាំទ្រដល់សមាគមមូស្លីមនៅកម្ពុជា។

សម្តេចបវរធិបតីគូសបញ្ជាក់ថា កម្ពុជា​និង​ UAE នៅមានវិស័យសក្តានុពលជាច្រើនដែលអាចពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតបាន។ សម្តេចបរវធិបតីក៏បានបញ្ជាក់ពីទិសដៅនៃការអភិវឌ្ឍឧស្សាហកម្មហាឡាល់នៅកម្ពុជា​ ដើម្បីជំរុញការនាំចេញផលិតផលហាឡាល់ទៅកាន់បណ្តាប្រទេសនៅមជ្ឈិមបូព៌ា និង UAE។ សម្តេចបវរធិបតីលើកទឹកចិត្តឱ្យឯកឧត្តមឯកអគ្គរាជទូត បន្តពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងដែលបានឯកភាពគ្នារួច សំដៅប្រែក្លាយទៅជាផែនការអនុវត្តនជាក់ស្តែង។ សម្តេចបវរធិបតីបានបង្ហាញនូវជំនឿជឿជាក់ថា​តួនាទីរបស់ឯកឧត្តមឯកអគ្គរាជទូត នឹងក្លាយជាស្ពានតភ្ជាប់ទំនាក់ទំនង​ និងកិច្ច​សហប្រតិបត្តិការ​រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនមួយកម្រិតទៀត។ សូមជម្រាបផងដែរថា សម្រាប់ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 Telegram, Twitter, WhatsApp, Line, CoolApp

https://api.whitetigertv-asia.com/uploads/images/1747663067364-photo_2025-05-19_20-50-05.jpghttps://api.whitetigertv-asia.com/uploads/images/1747663166353-photo_2025-05-19_20-58-39.jpghttps://api.whitetigertv-asia.com/uploads/images/1747663166354-photo_2025-05-19_20-58-48.jpghttps://api.whitetigertv-asia.com/uploads/images/1747663166357-photo_2025-05-19_20-58-53.jpghttps://api.whitetigertv-asia.com/uploads/images/1747663166358-photo_2025-05-19_20-58-58.jpghttps://api.whitetigertv-asia.com/uploads/images/1747663166359-photo_2025-05-19_20-59-03.jpghttps://api.whitetigertv-asia.com/uploads/images/1747663166359-photo_2025-05-19_20-59-09.jpghttps://api.whitetigertv-asia.com/uploads/images/1747663166360-photo_2025-05-19_20-59-14.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី