ខ្លាសអាស៊ីធីវី

រដ្ឋអូស្ត្រាលីខាងត្បូងស្វែងរកឱកាសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត

ព័ត៌មានជាតិ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Frances Adamson អភិបាលរដ្ឋ នៃរដ្ឋអូស្ត្រាលីខាងត្បូង (South Australia-SA) ប្រទេសអូស្ត្រាលី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប លោកជំទាវអភិបាលរដ្ឋនៃរដ្ឋអូស្ត្រាលីខាងត្បូង បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអូស្ត្រាលី និងកម្ពុជា។ លោកជំទាវបានលើកឡើងថា គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចរបស់លោកជំទាវ គឺដើម្បីស្វែងរកឱកាសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋអូស្ត្រាលីខាងត្បូង និងកម្ពុជា។ លោកជំទាវអភិបាលរដ្ឋ បានជម្រាបជូនសម្តេចបវរធិបតីអំពីវិស័យសក្តានុពលនានារបស់រដ្ឋអូស្ត្រាលីខាងត្បូង រួមមាន៖ វិស័យកសិកម្ម, អប់រំ, ទេសចរណ៍, និងថាមពល។ លោកជំទាវបានបន្ថែមថា រដ្ឋអូស្ត្រាលីខាងត្បូងមានសហគមន៍ខ្មែរប្រមាណជិត ៤០០០​ នាក់ កំពុងរស់នៅ, ធ្វើការងារ និងសិក្សា។ ជាងនេះទៀត, លោកជំទាវបានកោតសរសើរចំពោះភាពឧស្សាហ៍ព្យាយាម និងការខិតខំប្រឹងប្រែងរបស់សិស្ស-និស្សិតកម្ពុជា ដែលកំពុងសិក្សានៅតាមគ្រឹះស្ថានសិក្សា និងសាកលវិទ្យាល័យនានាក្នុងរដ្ឋអូស្ត្រាលីខាងត្បូង។

ជាការឆ្លើយតប,​ សម្តេចបវរធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានចូលរួមចំណែកក្នុងដំណើរការស្វែងរកសុខសន្តិភាព ក៏ដូចជាការស្តារ និងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ ដែលនេះជាការរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា នាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនេះ, សម្តេចបវរធិបតីក៏បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ សម្តេចបានអរគុណ​អូស្ត្រាលី​ និយាយជារួម​ និងរដ្ឋអូស្ត្រាលីខាងត្បូង និយាយដោយឡែក​ ដែលបានរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សកម្ពុជា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ជាមួយគ្នានេះ,​​ សម្តេចបវរធិបតី បានគូសបញ្ជាក់ជូនលោកជំទាវអភិបាលរដ្ឋ​ អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍមូលធនមនុស្ស ដោយផ្តោតលើការពង្រឹងសុខុមាលភាព, ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការបង្កើតការងារ ជូនប្រជាពលរដ្ឋ។

សម្តេចបវរធិបតី និងលោកជំទាវ ក៏បានពិភាក្សា​និងផ្លាស់ប្តូរយោបល់អំពីការពង្រឹង និងពង្រីក​ ព្រមទាំងស្វែងរកនូវ​ឱកាសបន្ថែមទៀត​ ក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរដ្ឋអូស្ត្រាលីខាងត្បូង លើវិស័យសំខាន់ៗ ដូចជា៖ អប់រំ​,ថាមពលស្អាត, ពាណិជ្ជកម្ម, វិនិយោគ, កសិកម្ម, និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន តាមរយៈការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ និងការជំរុញភ្ញៀវទេសចរណ៍។ សូមជម្រាបផងដែរថា សម្រាប់ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 Telegram, Twitter, WhatsApp, Line, CoolApp

https://api.whitetigertv-asia.com/uploads/images/1747663640798-photo_2025-05-19_21-01-13.jpghttps://api.whitetigertv-asia.com/uploads/images/1747663662541-photo_2025-05-19_21-01-21.jpghttps://api.whitetigertv-asia.com/uploads/images/1747663662542-photo_2025-05-19_21-01-47.jpghttps://api.whitetigertv-asia.com/uploads/images/1747663662543-photo_2025-05-19_21-01-51.jpghttps://api.whitetigertv-asia.com/uploads/images/1747663662544-photo_2025-05-19_21-01-55.jpghttps://api.whitetigertv-asia.com/uploads/images/1747663662545-photo_2025-05-19_21-01-59.jpghttps://api.whitetigertv-asia.com/uploads/images/1747663662545-photo_2025-05-19_21-02-03.jpghttps://api.whitetigertv-asia.com/uploads/images/1747663662546-photo_2025-05-19_21-02-08.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី