Boostrong

អភិបាលខណ្ឌ៧មករា ក្រោយទទួលបានសេចក្ដីរាយការណ៍ បញ្ជាឲ្យសមត្ថកិច្ចអន្តរាគមន៍ឃាត់បុរសជាកូនទៅសួរនាំ ដែលប្រើហិង្សាលើម្ដាយ នៅសង្កាត់អូឬស្សីទី៣

សន្តិសុខសង្គម
ចុះថ្សាយថ្ងៃ​ អង្គារ ២០-សីហា-២០២៤

(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា «បានបញ្ជាឲ្យសមត្ថកិច្ចចុះស្រាវជ្រាវ និងអន្តរាគមន៍ភ្លាមៗ និងឈានដល់ការឃាត់យកទៅសាកសួរ ចំពោះបុរសជាកូនប្រុសម្នាក់ ដែលបានប្រើអំពើហិង្សាទៅលើស្ត្រីជាម្ដាយ ក្រោយពីទទួលបានសេចក្ដីរាយការណ៍ ពីអាជ្ញាធរមូលដ្ឋាន បណ្ដាញសារព័ត៌មាន និងប្រជាពលរដ្ឋ»

ការបញ្ជាត្រង់ទៅសមត្ថកិច្ចរបស់លោក ថេង សុថុល ក្នុងការជួយអន្តរាគមន៍ឃាត់បុរសជាកូនប្រុសទៅសាកសួរ ដើម្បីជួយសង្គ្រោះស្ត្រីជាម្ដាយ នៃអំពើហិង្សាក្នុងគ្រួសារមួយនេះ បានអនុវត្តឡើងយ៉ាងយកចិត្តទុកដាក់ និងបង្កឲ្យមានការភ្ញាក់ផ្អើល ស្ថិតនៅត្រង់ចំណុចផ្ទះលេខ១៥Eoz តាមបណ្ដោយផ្លូវលេខ១៦៦ ក្នុងភូមិ១ សង្កាត់អូឬស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។

បើតាមប្រភពពីប្រជាពលរដ្ឋ ដែលជាអ្នករស់នៅក្បែរជិតខាងគ្នា បានឲ្យដឹងថា បុរសជាកូនប្រុស ដែលប្រើហិង្សាទៅលើម្ដាយបង្កើតបណ្ដាលឲ្យរងរបួសជាំភ្នែក អាចជាមនុស្សធ្លាប់ប្រើគ្រឿងញៀន ដោយសារកន្លងមកត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទៅដាក់មណ្ឌលបន្សាបគ្រឿងញៀនម្ដងរួចមកហើយដែរ។ ហើយសម្រាប់មួយរយៈពេលចុងក្រោយនេះ បុរសជាកូនដែលសង្ស័យជាមនុស្សញៀនគ្រឿងញៀននេះដែរ តែងតែរករឿងបង្កើតឲ្យមានជម្លោះជាញឹកញាប់ជាមួយស្ត្រីជាម្ដាយ សំខាន់ស្ត្រីជាម្ដាយមិនដាច់ចិត្តប្ដឹងអាជ្ញាធរមានសមត្ថកិច្ចនោះឡើយ ដោយសារអាណិតកូន ទើបបណ្ដាលឲ្យថ្ងៃនេះ រងរបួសខៀវ និងជាំភ្នែកដោយសារក្ដីអាណិត អាសូរកូននេះឯង។

យ៉ាងណាក៏ដោយ ក្រោយកើតហេតុ សម្រាប់បុរសជាកូន ដែលសង្ស័យញៀនថ្នាំ និងស្ត្រីជាម្ដាយទាំង២នាក់ កំពុងស្ថិតក្រោមការសាកសួរតាមជំនាញយ៉ាងយកចិត្តទុកដាក់ ពីកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់អូឬស្សីទី៣ ខណ្ឌ៧មករា ដើម្បីបន្តរកមូលហេតុ និងរកដំណោះស្រាយ ដែលកើតចេញជាអំពើហិង្សា (កូនវាយម្ដាយ) ក្នុងការបន្តតាមនិតិវិធី៕


អត្ថបទ៖ ដូរបាយ
ប្រភព៖ ស៊ើបអង្កេត
ចែករំលែក
Boostrong