ខ្លាសអាស៊ីធីវី

យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ ជួបប្រជុំក្រៅផ្លូវការរបស់ក្រុមលេខា RBC នៅច្រកអន្តរជាតិជាំ-ស្រងាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ

(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ យោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំក្រៅផ្លូវការរបស់ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅវេលាម៉ោង ១១:០០នាទី នៅច្រកអន្តរជាតិជាំ-ស្រងាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ ជំនួបប្រជុំក្រៅផ្លូវការនេះ គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានក្រុមលេខាធិការ (RBC) កម្ពុជា និងគណៈប្រតិភូថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វាផាន់ស៊ុ ប្រធានក្រុមលេខាធិការ (RBC ) ថៃ។

ក្នុងកិច្ចប្រជុំក្រៅផ្លូវការនេះ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារពេញលេញនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះរួមទាំងការងារសម្របសម្រួលប្រតិបត្តិការ និងការដោះស្រាយបញ្ហាកម្រិតមូលដ្ឋានក្រៅផ្លូវការរបស់ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ។

ក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់សាជាថ្មីយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួននូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែងស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕

https://api.whitetigertv-asia.com/uploads/images/1776931831965-photo_2026-04-23_15-06-32.jpghttps://api.whitetigertv-asia.com/uploads/images/1776931831968-photo_2026-04-23_15-06-38.jpghttps://api.whitetigertv-asia.com/uploads/images/1776931831969-photo_2026-04-23_15-06-43.jpghttps://api.whitetigertv-asia.com/uploads/images/1776931831971-photo_2026-04-23_15-06-48.jpghttps://api.whitetigertv-asia.com/uploads/images/1776931831972-photo_2026-04-23_15-06-52.jpghttps://api.whitetigertv-asia.com/uploads/images/1776931831973-photo_2026-04-23_15-06-57.jpghttps://api.whitetigertv-asia.com/uploads/images/1776931831973-photo_2026-04-23_15-07-02.jpghttps://api.whitetigertv-asia.com/uploads/images/1776931831975-photo_2026-04-23_15-07-07.jpghttps://api.whitetigertv-asia.com/uploads/images/1776931831976-photo_2026-04-23_15-07-12.jpghttps://api.whitetigertv-asia.com/uploads/images/1776931831976-photo_2026-04-23_15-07-17.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី