ខ្លាសអាស៊ីធីវី

ព្រះអនុគណខណ្ឌឬស្សីកែវ ព្រះនិមន្តជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥ នៅសាលាបឋមសិក្សាតេជោហ៊ុនសែនទួលសង្កែ សង្កាត់ទួលសង្កែទី១

ព័ត៌មានជាតិ
ចុះថ្សាយថ្ងៃ​សុក្រ ០១-វិច្ឆិកា-២០២៤
ម៉ោង១០:៤៦នាទី និង៤៨វិនាទីព្រឹក

(ភ្នំពេញ)៖ ព្រះតេជគុណ សុវណ្ណជោតិ ខឹម សម្បត្តិ រាជាគណៈថ្នាក់កិត្តិយស ជាព្រះអនុគណខណ្ឌឬស្សីកែវ និងជាព្រះចៅអធិការវត្តញាណរង្សី ព្រះប្រធានសមាគមន៍សហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា នាព្រឹកថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ព្រះអង្គបាននិមន្តជាព្រះអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥ នៅសាលាបឋមសិក្សាតេជោហ៊ុនសែនទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ នៃរាជធានីភ្នំពេញ។

ព្រះវត្តមាននៃការនិមន្តរបស់ព្រះតេជគុណ សុវណ្ណជោតិ ខឹម សម្បត្តិ រាជាគណៈថ្នាក់កិត្តិយស ជាព្រះអនុគណខណ្ឌឬស្សីកែវ និងជាព្រះចៅអធិការវត្តញាណរង្សី ព្រះប្រធានសមាគមន៍សហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥ នៅសាលាបឋមសិក្សាតេជោហ៊ុនសែនទួលសង្កែនេះ ក៏មានព្រះវត្តមានអមនិមន្តពីព្រះសង្ឃ និងលោក ផល្លា ផលសម្បត្តិ នាយករងរដ្ឋបាលខណ្ឌ តំណាងលោកអភិបាលខណ្ឌ លោក អ៊ុំ គឿន អនុប្រធានការិយាល័យបរិស្ថានខណ្ឌ និងមន្ត្រីពាក់ព័ន្ធខណ្ឌ-សង្កាត់ នាយក នាយិកា​ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ។

ស្ថិតក្នុងឱកាសនេះ ព្រះតេជគុណ សុវណ្ណជោតិ ខឹម សម្បត្តិ បានមានថេរដីកាក្រើនរម្លឹកអំពីការយកចិត្តទុកដាក់របស់ ក្រសួងងប់រំ យុវជន និងកីឡា ជាពិសេសនាំនូវសារផ្ដាំផ្ញើសំខាន់ៗមួយចំនួន និងយ៉ាងយកចិត្តទុកពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីលោក ជឹម សម្បត្តិ នាយកសាលាបឋមសិក្សាតេជោហ៊ុនសែនទួលសង្កែ បានឡើងអានរបាយការណ៍ជូនអង្គពិធីនៃលទ្ធផល និងសមិទ្ធិផលទាំងឡាយ ក្នុងឆ្នាំចាស់ ២០២៣-២០២៤ ដែលសម្រេចបានយ៉ាងល្អប្រសើរគួរជាទីមោទន សម្រាប់គ្រិះស្ថានសិក្សាមួយនេះ ផងដែរ។

បន្ថែមពីនេះ ព្រះតេជគុណ សុវណ្ណជោតិ ខឹម សម្បត្តិ បានមានថេរដីកានាំនូវសារក្រើនរម្លឹករបស់សម្ដេចមហាបវរធបតី មួយចំនួនដែលមានដូចខាងក្រោម៖

ទី១-ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តអនុវត្តកំណែទម្រង់វិស័យអប់រំ ដូចដែលបានដាក់ចេញរួចហើយ ជាពិសេសការរៀបចំយន្តការគាំទ្រ និងយន្តការវាយតម្លៃសាលារៀនគំរូ ឆ្ពោះទៅពង្រឹង និងពង្រីកការអនុវត្តស្តង់ដាសាលារៀនគំរូ ចាប់ពីមត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា ដោយធានាថា សាលារៀនជាកន្លែងផ្តល់ការអប់រំប្រកបដោយគុណភាព ប្រសិទ្ធភាព សុខសុវត្ថិភាព និងលទ្ធផលសិក្សារបស់សិស្សបានល្អប្រសើរ។ ទី២-គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវអនុវត្តកម្មវិធីសិក្សាផ្លូវការឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ជាពិសេសត្រូវរិះរកវិធីដើម្បីអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា ក្នុងគោលដៅបន្ថែម២ម៉ោងសិក្សាយ៉ាងតិចក្នុងមួយថ្ងៃ ដោយផ្តោតលើការបន្ថែមម៉ោងសម្រាប់មុខវិជ្ជាសិក្សាគោល និងការពង្រឹងវិន័យ សីលធម៌ និងឥរិយាបថ។ ទី៣-គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវរៀបចំបរិស្ថានសាលារៀនស្អាត គ្មានសំរាម សាលារៀនបៃតង ឱ្យសក្តិសមជាទីកន្លែងផ្តល់ការអប់រំ និងបណ្ដុះគំនិតស្អាតស្អំ ឥរិយាបថល្អ និងគ្មានការញាំញីផ្លូវចិត្ត និងផ្លូវកាយ។ ជាមួយគ្នានេះ ត្រូវចូលរួមលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភដល់កុមារ ដើម្បីកាត់បន្ថយជំងឺ និងផលប៉ះពាល់លើសុខភាព និងឈានទៅលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស។

ទី៤-លោកគ្រូ អ្នកគ្រូទាំងអស់ សូមបន្តដើរតួនាទីជាបុគ្គលនាំមុខ ជាឪពុកម្តាយទី២ ជាមគ្គុទ្ទេសក៍ ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ដោយត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព របស់ខ្លួនជាប្រចាំ ទាំងផ្នែកចំណេះដឹង និងវិធីសាស្ត្របង្រៀន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេសផងដែរ។ ទី៥-មាតាបិតា អាណាព្យាបាល សូមចូលរួមតាមដានលទ្ធផលសិក្សា អត្តចរិត សីលធម៌ និងសុជីវធម៌ របស់កូនចៅ ទាំងនៅក្នុងគ្រួសារ និងក្នុងសហគមន៍ ព្រមទាំងជួយបង្រៀនកូនបន្ថែម ឬបង្កលក្ខណៈឱ្យកូនបានសិក្សាបន្ថែមពេលនៅផ្ទះ ជាពិសេសការចូលរួមអានសៀវភៅជាមួយកូន ដើម្បីហ្វឹកហាត់ទាំងនៅសាលារៀន និងនៅផ្ទះ ក្នុងការចូលរួមគាំទ្រដល់ការអភិវឌ្ឍសាលារៀន និងគាំទ្រដល់គ្រូបង្រៀនតាមគ្រប់លទ្ធភាព។

ទី៦-ក្មួយៗ និងសិស្សានុសិស្ស យុវជន យុវនារីទាំងអស់ សូមបន្តខិតខំរៀនសូត្រ និងស្រាវជ្រាវឱ្យបានខ្ជាប់ខ្ជួន និងចូលរួមធ្វើអំពើល្អ ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិយើងទាំងមូល។ ជាមួយគ្នានេះដែរ សូមក្មួយៗចងចាំជានិច្ចថា បើយើងស្រឡាញ់ខ្លួន ស្រឡាញ់ឪពុកម្តាយ និងចង់បានអនាគតរុងរឿង គឺត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ។ ទី៧-ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់ សូមបន្តចូលរួម និងគាំទ្រឱ្យកាន់តែសកម្មថែមទៀត ក្នុងការអភិវឌ្ឍសាលារៀន ព្រមទាំងបន្តជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីកិច្ចការពារកុមារពីអំពើហិង្សា និងពលកម្មកុមារគ្រប់ទម្រង់។

ទី៨-ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងសប្បុរសជននានា សូមបន្តចូលរួម ឱ្យបានកាន់តែសកម្មថែមទៀត ក្នុងការជួយគាំទ្រដល់សកម្មភាពអប់រំនៅគ្រប់ទីកន្លែង និងតាមគ្រប់លទ្ធភាព។ ទី៩-គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សូមបន្តជួយផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ អំពីយុទ្ធនាការប្រមូលកុមារចូលរៀន និងសារៈសំខាន់នៃការអប់រំ ជាពិសេសការផលិតកម្មវិធីអប់រំ និងវីដេអូបង្រៀន ដើម្បីឱ្យសេវាអប់រំកាន់តែគ្របដណ្ដប់ទៅគ្រប់ទីកន្លែង គ្រប់ពេលវេលា និងស្របទៅនឹងទស្សនាទាននៃការអប់រំពេញមួយជីវិត។ ទី១០-សូមមាតាបិតា អាណាព្យាបាលគ្រប់ៗរូបនាំកូនចៅទៅចុះឈ្មោះចូលរៀន និងបន្តផ្តល់ការគាំទ្រ និងការលើកទឹកចិត្ត ជាមួយការជួយបង្រៀនបន្ថែមតាមគ្រប់រូបភាព នៅឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នេះទាំងអស់គ្នា៕


អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី