(ភ្នំពេញ)៖ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានចេញសេចក្ដីជូនដំណឹងមួយ ដោយបានបញ្ជាក់ ស្តីពីការចុះអង្កេតវាស់វែងប្រមូលទិន្នន័យ ដើម្បីចុះបញ្ជីជូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ខាងមុខតទៅ តាមរយៈការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌ។
ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ របស់លោក សក់ ច័ន្ទកញ្ញារិទ្ធ បានបញ្ជាថា សម្រាប់សកម្មភាពស្ដីពីការចុះអង្កេត និងវាស់វែងប្រមូលទិន្នន័យ ដើម្បីចុះបញ្ជីនេះ បានរៀនចំធ្វើឡើងនៅក្នុងប្លុកផ្ទះល្វែង រុងរឿង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានទិញផ្ទះនៅប្លុកផ្ទះល្វែង រុងរឿង ឲ្យបានជ្រាបថា ក្រុមការងារនៃការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌពោធិ៍សែនជ័យ នឹងបើកយុទ្ធនាការចុះអង្កេត និងវាស់វែងប្រមូលទិន្នន័យ ដើម្បីចុះបញ្ជីជូនបងប្អូន ដែលបានទិញផ្ទះនៅប្លុកផ្ទះល្វែង រុងរឿង ចាប់ពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ខាងមុខតទៅ។
ជាមួយគ្នានេះ ដើម្បីពន្លឿនការចុះវាស់វែងឲ្យបានច្បាស់លាស់ និងទាន់ពេលវេលា សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមចង្អុលបង្ហាញព្រំដី ដែលបងប្អូនកាន់កាប់ជាក់ស្តែង និងថតចម្លងឯកសារពាក់ព័ន្ធ ដើម្បីប្រគល់ជូនដល់ក្រុមការងារ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានទិញផ្ទះប្លុកផ្ទះល្វែង រុងរឿង មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្តការងារនេះ ឲ្យមានប្រសិទ្ធិ ភាពខ្ពស់៕


