(ភ្នំពេញ)៖ មុខសញ្ញាជនសង្ស័យ២នាក់ ដែលជំនាញខាងឆ្កិះសោរកាត់ផ្តាច់ច្រវ៉ាក់លួចយកម៉ូតូម៉ាកសេ១២៥ និងម៉ាកវ៉េវ (២គ្រឿង) របស់ជនរងគ្រោះបានសម្រេច ហើយរត់គេចខ្លួនបាត់២ថ្ងៃ ពេលនេះត្រូវបានតាមបង្ក្រាប និងឃាត់បានហើយ ព្រមទាំងដកហូតបានថ្នាំញៀនទៀតផង ដោយកម្លាំងព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។
ប្រតិបត្តិការតាមបង្ក្រាបក្រុមជនសង្ស័យទាំង២នាក់ ដែលជំនាញខាងឆ្កិះសោរកាត់ផ្តាច់ច្រវ៉ាក់លួចយកម៉ូតូ និងសង្ស័យជួញដូរគ្រឿងញៀននេះដែរ ស្ថិតក្រោមការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែន ជាមួយប្រធានគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ និងជាអភិបាលខណ្ឌ លោក ម៉ូវ ម៉ានិត និងលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ ដែលបានប្រគល់ភារកិច្ចជូនលោកវរសេនីយ៍ទោ គួច សុភា អធិការរងទទួលផែនជំនាញ បន្តដឹកនាំកម្លាំងសមត្ថកិច្ចខណ្ឌ-ប៉ុស្ដិ៍ ដើម្បីបើកការស្រាវជ្រាវ ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ស្ថិតនៅចំណុចផ្លូវរ៉ាដា ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល០៣៖២២នាទី។
លោកវរសេនីយ៍ទោ គួច សុភា បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការតាមស្រាវជ្រាវបង្ក្រាបមុខសញ្ញាជនសង្ស័យ២នាក់ ដែលជំនាញខាងឆ្កិះសោរកាត់ផ្តាច់ច្រវ៉ាក់លួចយកម៉ូតូម៉ាកសេ១២៥ និងម៉ាកវ៉េវ (២គ្រឿង) របស់ជនរងគ្រោះបានសម្រេច ហើយរត់គេចខ្លួនបាត់២ថ្ងៃ បានអនុវត្តឡើង នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ នាល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។
លោកវរសេនីយ៍ទោ គួច សុភា បានបញ្ជាក់ទៀតថា ជនសង្ស័យឈ្មោះ វិច្ឆៃយ័ រ៉ាក់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់គោគឃ្លាង ខណ្ឌសែនសុខ និងម្នាក់ទៀតឈ្មោះ តឹង សុវណ្ណ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់នៅ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ទោ អធិការរងទទួលផែនការងារជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឱ្យដឹងថា ជនរងគ្រោះក្នុងករណីនេះមានឈ្មោះ ហឿង គឹមឡាង ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកហាងកាហ្វេ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ម្នាក់ទៀតឈ្មោះ ហ៊ល សេងហ៊ង ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកហាងកាហ្វេ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
បើតាមលោកវរសេនីយ៍ទោ អធិការរងទទួលផែនការងារជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដដែលបានឱ្យដឹងទៀតថា ដំណើររឿង៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល០៣៖២២នាទី មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ហឿង គឹមឡាង និងម្នាក់ទៀតឈ្មោះ ហ៊ល សេងហ៊ង បានទុកម៉ូតូរបស់ខ្លួនម៉ាកហុងដាវ៉េវ ពណ៍ខ្មៅ សេរី២០១៧ ផ្លាកលខ ព្រៃវែង ១K-១៨៧៩ និងម៉ូតូ១គ្រឿងទៀតម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ លេខតួ+ម៉ាស៊ីន ៥៨៤០០៤៦ ពាក់ផ្លាកលេខ កំពង់ធំ ១P-៣៤០៦ នៅខាងមុខចំហៀងបរិវេណបន្ទប់ជួល (ក្រោមជណ្តើរឡើងជាន់ផ្ទាល់ដី) ស្ថិតនៅផ្លូវរ៉ាដា ភូមទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយបានចាក់សោរកម៉ូតូ និងចាក់មេសោរច្រវ៉ាក់ជាប់គ្នានៅកង់ម៉ូតូទាំងពីរគ្រឿងយ៉ាងត្រឹមត្រូវ រួចហើយជនរងគ្រោះទាំងពីរ បានឡើងទៅដេកនៅបន្ទប់ ជាន់ខាងលើជាមួយគ្នា។
លុះដល់ព្រឹកឈានថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ជនរងគ្រោះទាំងពីរ ចុះមកយកម៉ូតូជិះ ក៏ឃើញបាត់ និងឃើញមេសោរច្រវ៉ាក់ ត្រូវបានកាត់ផ្តាច់ចេញ បន្ទាប់មក ជនរងគ្រោះទាំងពីរ ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឲ្យជួយស្រាវជ្រាវតែម្ដង។
ក្រោយពីទទួលពាក្យបណ្តឹងរួច សមត្ថកិច្ចខណ្ឌ-ប៉ុស្ដិ៍រដ្ឋបាល ក៏បានចុះធ្វើការត្រួតពិនិត្យបន្ទប់ជួល នៃទីតាំងកើតហេតុ ក៏បានឃើញទ្វាររបងបន្ទប់ជួលបើកចំហរ និងមេសោរច្រវ៉ាក់ត្រូវបានកាត់ដាច់ និងបន្តឆែករូបភាពក្នុងកាមេរ៉ាសុវត្ថិភាព បានឃើញសកម្មភាពជនសង្ស័យជាមនុស្សប្រុសចំនួន២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកស្កូបពី ពណ៌សលាយផ្កាឈូក ពាក់មួកសុវត្ថិភាព ពណ៌ខ្មៅ និងពណ៌ផ្កាឈូក មកធ្វើសកម្មភាពបើកទ្វាររបងបន្ទប់ជួល ចូលយកប្រដាប់កាត់ដែក ដើម្បីកាត់មេសោរច្រវ៉ាក់ (ដែលចាក់ជាប់នៅកង់ម៉ូតូខាងមុខ) រួចយកឧបករណ៍ឆ្កឹះបើកសោរកលួចយកម៉ូតូ២គ្រឿង (ម្តង១គ្រឿង) ម៉ាកសេ១២៥ និងម៉ាកវ៉េវ (របស់ជនរងគ្រោះ) ហើយជនសង្ស័យនាំគ្នាគេចខ្លួន។
លុះដល់ល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ សមត្ថកិច្ចបន្តស្រាវជ្រាវ ដោយទទួលបានព័ត៌មាន ទើបឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ រួមមាន៖ ១-ឈ្មោះ វិច្ឆ័យ រ៉ាក់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ និង២-ឈ្មោះ តឹង សុវណ្ណ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ និងដកហូតបានវត្ថុតាង ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន១កញ្ចប់ថង់ នៅក្នុងកាបូបលុយតូចខ្មៅ ក្នុងហោប៉ៅខោរបស់ជនសង្ស័យ ដើម្បីយកមកធ្វើការសាកសួរ។
ចំពោះក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ដែលដកហូតបាន នៅក្នុងហោប៉ៅខោរបស់ជនសង្ស័យ សមត្ថកិច្ចបានយកដាក់ក្នុងស្រោមសំបុត្រ ពណ៌ស ឲ្យជនសង្ស័យផ្តិតមេដៃទទួលស្គាល់ ហើយជនសង្ស័យឈ្មោះ វិច្ឆ័យ រ៉ាក់ និងឈ្មោះ តឹង សុវណ្ណ បានសារភាពនូវសកម្មភាពថា «កាលពីទៀបភ្លឺថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ រូបខ្លួនបានជិះម៉ូតូម៉ាកស្កូបពី ពណ៌ស (ជាមធ្យោបាយ) មកធ្វើសកម្មភាពបើកទ្វាររបងបន្ទប់ជួល ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី និងចូលយកប្រដាប់កាត់ដែក ធ្វើសកម្មភាពកាត់ផ្តាច់មេសោរច្រវ៉ាក់ ដែលចាក់ជាប់នៅកង់មុខម៉ូតូ រួចយកដែកចុងស្រួចឆ្កឹះបើកសោរកលួចយកម៉ូតូ២គ្រឿងម៉ាកសេ១២៥ និងម៉ាកវ៉េវ (ម្តង១គ្រឿង) ហើយយកម៉ូតូទាំង០២គ្រឿងទៅលក់ប្រាកដមែន។
យ៉ាងណាក៏ដោយ បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាងពាក់ព័ន្ធសកម្មភាព កំពុងស្ថិតក្រោមការឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសួរនាំតាមជំនាញ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕




