(ភ្នំពេញ)៖ ក្នុងបុព្វហេតុមនុស្សធម៌ ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា ដែលបាននឹងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី តតាំងជាមួយសត្រូវឈ្លានពាន មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ រដ្ឋបាលខណ្ឌ៧មករា រាជធានីភ្នំពេញ បានរៀបចំទទួលនូវអំណោយគ្រប់ប្រភេទ ដូចខាងក្រោម៖
ថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់នានា ព្រមទាំងថ្នាំពេទ្យ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ប្រកបដោយស្មារតីស្នេហាជាតិ មាតុភូមិ ព្រមទាំង បងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាពនានា ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។
ដើម្បីបង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ក្នុងការចូលរួមលើកទឹកចិត្តដល់វីរកងទ័ពតាមបន្ទាត់ ព្រំដែន ជួរមុខ និងបងប្អូនប្រជាពលរដ្ឋ ដែលទទួលរងនូវផលប៉ះពាល់ រដ្ឋបាលខណ្ឌ៧មករា សូមអំពាវនាវ ឯកឧត្តម លោកអ្នកឧកញ៉ា អ្នកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ជាពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជន ប្រធានមន្ទីរ អង្គភាពចំណុះ និងលោក-លោកស្រី ចៅសង្កាត់ទាំង៨ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារ ប្រើប្រាស់ផ្សេងៗ ឬថ្នាំពេទ្យតាមលទ្ធភាព និងសទ្ធាជ្រះថ្លារៀងៗខ្លួន។
រដ្ឋបាលខណ្ឌ៧មករា សង្ឃឹមជឿជាក់លើស្មារតី និងទឹកចិត្តសប្បុរសធម៌ របស់ឯកឧត្តម លោក អ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ដែលជាវប្បធម៌ នៃការចែករំលែក ក្នុងស្មារតីភាតរភាពរបស់ប្រជាជាតិខ្មែរយើង ដែលជាខឿនការពារជាតិ។
អំណោយទាំងអស់ សូមមេត្តាយកមកប្រគល់ជូននៅសាលាខណ្ឌ៧មករា អគារលេខ៥៤ ច្រកផ្លូវលេខ១៦៩ ខាងក្រោយសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ PPIU សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ រៀងរាល់ថ្ងៃ ឬបង្វែរតាមគណនីធនាគារ កាណាឌីយ៉ា ក.អ របស់រដ្ឋបាលខណ្ឌ៧មករា 7 MAKARA DISTRICT ADMIN លេខ៖ 1515961001 (KHR) និងលេខ៖ 1515961001 ($)៕


