ខ្លាសអាស៊ីធីវី

ប្រធានគណបក្សប្រជាជនសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ចេញញត្តិគាំទ្រយ៉ាងពេញទំហឹង លើយន្តការដឹកនាំរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាព្រំដែន នៃការការពារបូរណភាពទឹកដី និងវីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហានជាមួយសត្រូវឈ្លានពាន នៅតាមព្រំដែនកម្ពុជា-ថៃ

ព័ត៌មានជាតិ

(ភ្នំពេញ)៖ យើងខ្ញុំទាំងអស់គ្នា ជាគណៈកម្មាធិការគណបក្សសង្កាត់ទួលសង្កែទី១ សាខាគណបក្សទាំង១០ អនុសាខាគណបក្ស សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដឹកនាំដោយលោកស្រី រាជ ផាវឿន នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង លើយន្តការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន និងការការពារបូរណភាពទឹកដី នៅតាមព្រំដែនកម្ពុជា-ថៃ ព្រមទាំងគាំទ្រយ៉ាងពេញទំហឹងចំពោះវីរកងទ័ពជួរមុខកម្ពុជា ដែលបាននឹងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហានជាមួយសត្រូវឈ្លានពាន ហើយសូមយកឱកាសនេះ សម្តែងនូវការថ្កោលទោសដាច់ខាតចំពោះទង្វើឈ្លានពានយ៉ាងគឃ្លីនរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបានបើកការវាយប្រហារដោយចេតនាគិតទុកជាមុន មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ចាប់តាំងពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅតាមតំបន់ព្រំដែនក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ រួមទាំង តំបន់ជុំវិញប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ស្ថិតនៅក្នុងទឹកដីកម្ពុជា ដូចដែលបានគូសបញ្ជាក់នៅក្នុងសន្ធិសញ្ញាផែនទីដែលបានទទួលស្គាល់ជាអន្តរជាតិ និងការកំណត់តាមផ្លូវច្បាប់អន្តរជាតិពាក់ព័ន្ធ។

ការដាក់ចេញនូវយន្តការដោះស្រាយនេះ គឺជាឆន្ទៈរួមរបស់ប្រជាពលរដ្ឋខ្មែរ និងជាផែនការយុទ្ធសាស្ត្រប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី តាមរយៈការផ្ញើលិខិតរដ្ឋបាលផ្លូវការជូនចំពោះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្នើសុំកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីសុំការអន្តរាគមន៍បញ្ចប់ការឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធថៃ មកលើដែនអធិបតេយ្យកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី នៃកិច្ចការការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដី របស់កម្ពុជា។

ទន្ទឹមនឹងនេះ យើងខ្ញុំទាំងអស់គ្នាក៏សូមសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមជានាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ និងជា អគ្គភស្តុភារជាន់ខ្ពស់សម្រាប់កងកម្លាំងប្រដាប់អាវុធដ៏អង់អាចឈ្លាសវៃ បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការបញ្ជាកងទ័ពជាមួយប្រមុខរាជរដ្ឋាភិបាល ប្រមុខការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដើម្បីឆ្លើយតបប្រឆាំងនឹងអំពើឈ្លានពានយ៉ាងគឃ្លីន របស់កងកម្លាំងប្រដាប់អាវុធថៃ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស មានទំនុកចិត្តខ្ពស់ និងធានាប្រក្រតីភាព រស់នៅប្រកបដោយភាពកក់ក្តៅបំផុត។

ជាថ្មីម្តងទៀត! ក្នុងនាមយើងខ្ញុំទាំងអស់គ្នាជាសមរភូមិក្រោយ សូមប្រកាសគាំទ្រយ៉ាងឱឡារិកចំពោះយន្តការដោះស្រាយប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាពនៃកម្ពុជា ក្នុងស្មារតីជាតិនិយមខ្ពស់ និងបានត្រៀមខ្លួនរួចជានិច្ចទទួលអនុវត្តនូវរាល់បទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុត ឱ្យបានម៉ឺងម៉ាត់ និងឥតងាករេ ព្រមទាំងសូមផ្តល់នូវកម្លាំងចិត្តពីសមរភូមិក្រោយ ជូនចំពោះបងប្អូនវីរកងទ័ពជួរមុខ ក្នុងការការពារបូរណភាពទឹកដី ដោយមិនអនុញ្ញាតឱ្យជាតិសាសន៍ណាមួយមករំលោភបំពានបានឡើយ។

យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយ បារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតមេទ័ពខ្មែរគ្រប់ជំនាន់ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឫទ្ធិបារមីទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមជួយតាមបីបាច់ថែរក្សាការពារ ប្រោះព្រំ កងកម្លាំងជួរមុខកម្ពុជា ឱ្យជួបតែសេចក្តីសុខ សុវត្ថិភាព និងឈ្នះអស់មារសត្រូវទាំងអស់៕

https://api.whitetigertv-asia.com/uploads/images/1753536748366-photo_2025-07-26_20-32-01.jpghttps://api.whitetigertv-asia.com/uploads/images/1753536752632-photo_2025-07-26_19-59-54.jpghttps://api.whitetigertv-asia.com/uploads/images/1753536756327-photo_2025-07-26_20-00-00.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី