(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានអញ្ជើញដឹកនាំក្រុមការងារចុះសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាដល់មូលដ្ឋានប្រជាពលរដ្ឋ ដែលជួបការខ្វះខាត ដើម្បីជួយសម្របសម្រួលមួយចំនួនសម្រាប់ជីវភាពរស់នៅ។
អំណោយដ៏ថ្លៃថ្លារបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ដល់តាមរយៈលោក ជា ពិសី និងក្រុមការងារសមាគមនារីខណ្ឌ ជាមួយលោក-លោកស្រីចៅសង្កាត់ និងសមាគមនារីសង្កាត់ បានរៀបចំធ្វើឡើងដោយមានប្រជាពលរដ្ឋ ១៥គ្រួសារ មកពីតាមបណ្ដាសង្កាត់ផ្សារដេប៉ូទី១ ផ្សារដេប៉ូទី២ និងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥។
ឆ្លៀតក្នុងឱកាសឧបត្ថម្ភអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជានេះ លោក ជា ពិសី ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកក្នុងការយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អប្រសើរ តាមរយៈការរស់នៅដោយមានអនាម័យពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេចតែងតែគិតគូអំពីសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជាជនរងគ្រោះ ឬជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយនោះឡើយ។
សូមបញ្ជាក់ថា សម្រាប់អំណោយដ៏ថ្លៃថ្លារបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្ដល់ជូនប្រជាពលរដ្ឋជួបការខ្វះខាត តាមរយៈអភិបាលខណ្ឌទួលគោក និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងក្រុមការងារពាក់ព័ន្ធ នាពេលនេះមានចំនួន១៥គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ ២០គីឡូក្រាម មី១កេស និងថវិកាមួយចំនួន៕







