(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានបន្តដាក់ចេញនូវផែនការសំខាន់ៗមួយចំនួន ដើម្បីជម្រុញដល់អាជ្ញាធរមានសមត្ថកិច្ចខណ្ឌ-សង្កាត់ ធ្វើយ៉ាងណាបន្តរួមសហការគ្នាអនុវត្តឱ្យមានប្រសិទ្ធភាព សំខាន់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ តាមប្រសាសន៍ដឹកនាំរបស់ រដ្ឋបាលរាជធានីភ្នំពេញ ក្រសួងមហាផ្ទៃ ពិសេស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សម្រាប់ផែនការដែលបានដាក់ចេញនេះ ត្រូវបានលោកអភិបាលខណ្ឌ ធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយមានការចូលរួមពីគណៈអភិបាលរងខណ្ឌ អធិការដ្ឋាននគរបាលខណ្ឌ បញ្ជាការដ្ឋានអាវុធហត្ថខណ្ឌ យោធភូមិភាគពិសេសប្រចាំខណ្ឌ នាយក នាយករងរដ្ឋបាលខណ្ឌ ប្រធាន អនុប្រធានការិយាល័យជំនាញរដ្ឋបាលខណ្ឌ ចៅសង្កាត់ និងនាយប៉ុស្ដិ៍ ស្ថិតនៅសាលប្រជុំសាលាខណ្ឌ៧មករា រាជធានីភ្នំពេញ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥នេះ។
លោកអភិបាលខណ្ឌ៧មករា នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនេះដែរ ក្រៅពីដាក់ចេញនូវផែនការសំខាន់ៗ ដើម្បីជម្រុញដល់អាជ្ញាធរមានសមត្ថកិច្ចខណ្ឌ-សង្កាត់ ធ្វើយ៉ាងណាបន្តរួមសហការគ្នាអនុវត្តឱ្យមានប្រសិទ្ធភាព ក៏បានសង្កត់ធ្ងន់ លើការពង្រឹងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ បរិស្ថាន ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ហើយនឹងការងារបន្តបង្ក្រាបក្មេងទំនើង, ការងារគ្រប់គ្រងជនបរទេស, និងការងារផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ ជូនបងប្អូនប្រជាពលរដ្ឋ តាមរយៈច្រកចេញចូលតែមួយ ខណ្ឌ-សង្កាត់៕









