(ភ្នំពេញ)៖ នៅសាលាខណ្ឌ៧មករា រាជធានីភ្នំពេញ នារសៀលថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥នេះ មានរៀបចំពិធីជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំខណ្ឌ ជាមួយសមាជិក សមាជិការក្រុមប្រឹក្សាខណ្ឌ មន្ត្រីរាជការនឹងមន្ត្រីជាប់កិច្ចសន្យា ក្រោមឱវាទទាំងអស់ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលនឹងខិតជិតចូលមកដល់នាពេលខាងមុខនេះ។
ពិធីជួបសំណេះសំណាល ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់រដ្ឋបាលខណ្ឌ៧មករានេះដែរ ស្ថិតក្រោមការដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌ និងលោក វ៉ា សាបាន តំណាងលោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ និងមានការឧបត្ថម្ភថវិកា និងភេសជ្ជៈមួយចំនួនផងដែរ ដល់សមាជិក សមាជិការក្រុមប្រឹក្សាខណ្ឌ មន្ត្រីរាជការនឹងមន្ត្រីជាប់កិច្ចសន្យា ក្រោមឱវាទទាំងអស់ នៃរដ្ឋបាលខណ្ឌ។
លោកអភិបាលខណ្ឌ៧មករា នៅក្នុងពិធីនេះ ក្រៅពីឧបត្ថម្ភថវិកា និងភេសជ្ជៈ ក៏បានជូនពរដល់សមាជិក សមាជិការក្រុមប្រឹក្សាខណ្ឌ មន្ត្រីរាជការនឹងមន្ត្រីជាប់កិច្ចសន្យា ក្រោមឱវាទទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សូមឲ្យជួបប្រទះតែសុភមង្គល សេចក្តីសុខ សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ និងសូមជួបនូវពុទ្ធពរទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕















