(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងទទួលទេវតាឆ្នាំថ្មី ក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ មន្ដ្រីរាជការទាំងអស់ នៃរដ្ឋបាលខណ្ឌឫស្សីកែវ បាននិមន្តព្រះសង្ឃ សូត្រមន្តប្រោះព្រហ្មលើករាសី សុំសេចក្តីសុខ ចំរុងចំរើនពីទេវត្តាឆ្នាំថ្មី និងសូមអោយតាមជួយបីបាច់ថែរក្សា បណ្តេញឧបទ្រពចង្រៃ ទាំងឡាយទាំងពួង សូមអោយគ្រប់សកម្មភាពការងារ និងរបររកទទួលទានទាំងឡាយ បានទទួលជោគជ័យ ព្រមទាំងមានសុភមង្គលគ្រប់ៗក្រុមគ្រួសារ។
លោកអភិបាលខណ្ឌ បានសម្ដែងមោទកភាព ដែលបានរៀបចំពិធីដ៏មានអត្ថន័យ ហើយនេះ ជារៀងរាល់ឆ្នាំ ហើយវាជាគុណតម្លៃ ដែលតែងតែបានយកចិត្តទុកដាក់ប្រតិបត្តិជានិច្ច ក្នុងនាមជាកូនខ្មែរ និងពុទ្ធសាសនិកជនជាតិខ្មែរ ដែលធ្លាប់មានវប្បធម៌ អរិយធម៌ដ៏រុងរឿង និងល្បីល្បាញ ព្រោះជនជាតិខ្មែរ មានប្រវត្តិធ្វើពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ តាំងពីបុរាណកាលរហូតមក។
លោកអភិបាលខណ្ឌ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងខណ្ឌឫស្សីកែវទាំងអស់ នៅក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះ ចៀសវាងការលេងប៉ាតម្សៅ ជះទឹកដាក់គ្នា ព្រោះនេះមិនមែនជាប្រពៃណីខ្មែរទេ និងត្រូវមានការប្រុងប្រយ័ត្ន នូវរាល់ភ្លើងធូបទៀន ដែលអាចបង្ករជាគ្រោះអគ្គិភ័យ ជាយថាហេតុ និងសូមអោយបងប្អូនទាំងអស់ ធ្វើដំណើរកម្សាន្ត និងទៅលេងស្រុកកំណើត ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕





































































