(ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ នារសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនជាក្រុមពន្លត់ និងសង្គ្រោះអគ្គិភ័យ (សុរ៉ាល់អាល់អាមុឺន) សង្កាត់ច្រាំងចម្រេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជំនួសមុខអោយ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោកអភិបាលខណ្ឌឬស្សីកែវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមទូកពន្លត់ និងសង្គ្រោះអគ្គិភ័យ ដែលតែងតែចូលរួមសហការជាមួយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងការជួយអន្ដរាគមន៍បានទាន់ពេលវេលា រាល់ពេលមានគ្រោះអគ្គិភ័យកើតឡើងក្នុងមូលដ្ឋាន។
នាឱកាសនោះលោកអភិបាលខណ្ឌ ក៏បានចូលរួមជួយឧបត្ថម្ភទុយោបាញ់ពន្លត់អគ្គិភ័យដែលជាផលិតផលជប៉ុន ចំនួន១៥ដុំ ប្រវែង៤៥០ម៉ែត្រ ដើម្បីងាយស្រួលក្នុងការជួយអន្តរាគមន៍ បានទាន់ពេលវេលា។ ជាមួយគ្នានេះដែរ ក្នុងនាមរដ្ឋបាលខណ្ឌ លោកអភិបាល បានសុំពរពីព្រះអល់ឡោះ មេត្តាប្រទាននូវសុខភាពល្អ ភាពសុខសាន្ត ជាពិសេសសូមសុខសុវត្ថិភាពកើតមានដល់ក្រុមការងារទូកពន្លត់អគ្គិភ័យគ្រប់ៗគ្នា៕

































