(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានដឹកនាំមន្ត្រី ចុះសួរសុខទុក្ខប្រជាពលរដ្ឋអាជីវករ ដែលកំពុងប្រកបមុខរបរតាមច្រកផ្លូវតូចៗតាមបណ្ដាមូលដ្ឋានភូមិ-សង្កាត់ ក្នុងគោលបំណង ដើម្បីពិនិត្យមើលការរៀបចំសណ្ដាប់ធ្នាប់ និងបរិស្ថាន អនាម័យ ក្នុងការរៀបចំតុបតែងកែលំអរ នៃការអបអរសាទរ ចំពោះការត្រៀមទទួលទេវតាឆ្នាំថ្មី ឆ្នាំ២០២៥ ដែលនឹងខិតជិតចូលមកដល់ នាពេលដ៏ខ្លីខាងមុខនេះ។
សកម្មភាពរបស់លោកអភិបាលខណ្ឌ៧មករា និងមន្ត្រីក្រោមឱវាទនេះ បានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ ដោយមានការចូលរួមអមដំណើរពីសំណាក់លោក ឌី រ័ត្នខេមរុណ និងលោក ណុប ផា អភិបាលរងខណ្ឌ, ចៅសង្កាត់អូរឬស្សីទី២ និងចៅសង្កាត់អូរឬស្សីទី៣ នាថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥។
សកម្មភាពនេះដែរ លោកអភិបាលខណ្ឌ៧មករា ក៏បានណែនាំដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ចំពោះគ្រោះអគ្គិភ័យ ដែលអាចកើតមានឡើងជាយថាហេតុ និងហាមដាច់ខាតចំពោះការបង្ហោះគោម និងការអុជកាំជ្រួចគ្រប់ប្រភេទ និងយកចិត្តទុកដាក់ពិនិត្យភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើងធូបទៀន ការតភ្ជាប់ឬប្រើចរន្តអគ្គិសនីមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ការទុកដាក់ប្រេងឥន្ធនៈ ឧស្ម័នចំហេះ វត្ថុងាយឆេះ ឬងាយផ្ទុះឆេះ ឱ្យបានហ្មត់ចត់ ដើម្បីបង្ការកុំឱ្យមានការឆេះរាលដាលបង្កើតជាគ្រោះអគ្គិភ័យ ដែលធ្វើឱ្យបាត់បង់ទាំងទ្រព្យសម្បត្តិ និងអាយុជីវិត ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៕

















