(ភ្នំពេញ)៖ ថ្នាក់ដឹកនាំខណ្ឌ៧មករា លោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ថេង សុថុល អភិបាលខណ្ឌ នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំមន្ត្រីចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនទាហាន ចំនួន០៣នាក់ ដែលបានរងរបួសក្នុងសង្គ្រាមឈ្លានពានពីប្រទេសថៃ និងកំពុងបន្តសម្រាកព្យាបាលជម្ងឺ នៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ។
ក្នុងដំណើរនៃការអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខវីរកងទ័ព ទាំង៣រូបខាងលើ លោកប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកអភិបាលខណ្ឌ៧មករា ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើយ៉ាងយកចិត្តទុកដាក់ ក្នុងការសួរសុខទុក្ខដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
បន្ថែមពីនេះ លោកប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកអភិបាលខណ្ឌ៧មករា បានសង្កាត់ធ្ងន់ថា «ក្នុងនាមយើងខ្ញុំទាំងអស់គ្នាជាសមរភូមិក្រោយ គឺនៅតែបន្តចូលរួមចំណែកឧបត្ថម្ភគាំទ្រដល់សមរភូមិជួរមុខជានិច្ច និងសូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគំរូវីរភាពរបស់វីរកងទ័ពកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងសេចក្ដីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជាទាំងមូល»។
សូមបញ្ជាក់ថា ទាហានចំនួន០៣នាក់ ជាវីរកងទ័ពនៅកងពលតូចអន្តរាគមន៍លេខ ៣៩៣ ដែលឈរជើងការពារនៅតំបន់មុំបី ស្ថិតនៅក្នុងភូមិរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលខណ្ឌ៧មករា៕































