(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានចាត់ឱ្យកម្លាំងចុះអប់រំណែនាំ និងឈានដល់ការធ្វើកិច្ចសន្យាចំពោះអាជីវកលក់ធូរេន ដោយទុកឱសានវាទ រយៈពេល០៣ថ្ងៃ ឱ្យបញ្ឈប់ការធ្វើអាជីវកម្មយ៉ាងអាណាធិបតេយ្យ បង្កភាពរញ៉េរញ៉ៃ ដែលធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ និងប៉ះពាល់ដល់សោភ័ណភាពទីក្រុង។
វិធានការមួយនេះ ដឹកនាំផ្ទាល់ដោយលោក គ្រួច សុធន នាយករងរដ្ឋបាលខណ្ឌ៧មករា ដែលបានអនុវត្តឡើង ស្ថិតនៅតាមបណ្ដោយកំណាត់វិថីព្រះសីហនុ ខាងមុខអគារទូរគមនាគមន៍កម្ពុជា ជាសហគ្រាសសាធារណៈរបស់រដ្ឋ មានអាសយដ្ឋានលេខ៩៥-៩៧ វិថីព្រះសីហនុ កែងផ្លូវ១០៥ ភូមិ០១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។
ដោយមានការណែនាំពីលោកអភិបាលខណ្ឌ៧មករា និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ, លោកនាយករងរដ្ឋបាលខណ្ឌ គ្រួច សុធន បានណែនាំ និងធ្វើកិច្ចសន្យា ដោយទុកឱសានវាទរយៈពេល០៣ថ្ងៃប៉ុណ្ណោះ សម្រាប់ក្រុមអាជីវករស្វែងរកទីតាំងថ្មី និងគិតចាប់ពីថ្ងៃទី០៧ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ តទៅជាកំហិត ព្រោះការធ្វើអាជីវកម្មលក់ទុរេន រួមទាំងការចតរថយន្ត ឬរទេះផ្សេងៗនៅលើចិញ្ជើមកំណាត់វិថីព្រះសីហនុនេះ បានបង្កឱ្យមានភាពរញ៉េរញ៉ៃ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសោភ័ណភាពទីក្រុង បន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ទទួលបានសំណូមពរ ដើម្បីសម្របសម្រួលឱ្យបានល្អប្រសើរឡើងវិញ ពីអគ្គាធិការដ្ឋាន នៃទូរគមនាគមន៍កម្ពុជា។
បើក្នុងករណីអាជីវករជាម្ចាស់ទីតាំង មិនគោរពតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចនោះទេ ហើយបន្តអាជីវកម្មលក់ទុរេន រួមទាំងការចតរថយន្ត ឬរទេះផ្សេងៗនៅលើចិញ្ជើមកំណាត់វិថីព្រះសីហនុនេះ ពិសេស ខាងមុខអគ្គាធិការដ្ឋាន នៃទូរគមនាគមន៍កម្ពុជា ដែលជាសហគ្រាសសាធារណៈរបស់រដ្ឋ ប្រាកដជាត្រូវប្រឈមនឹងវិធានការចុះរុះរើ និងដកហូតយកមករក្សាទុកនៅសាលាខណ្ឌ ជាក់ជាពុំខាន ដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់នោះឡើយ៕
ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 Telegram
ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 Twitter
ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 WhatsApp
ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 Line
ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 CoolApp























