ខ្លាសអាស៊ីធីវី

កម្ពុជា-ហ្វីលីពីន ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ

ព័ត៌មានជាតិ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងគណៈប្រតិភូជាន់ខ្ពស់ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។

ជាកិច្ចចាប់ផ្ដើម, សម្តេចបវរធិបតីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តមប្រធានាធិបតី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចបវរធិបតីមានប្រសាសន៍ថា ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចកម្រិតខ្ពស់រវាងប្រទេសទាំងពីរ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីមិត្តភាពដ៏រឹងមាំ, ការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញ និងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត។ សម្តេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងកម្ពុជា និង ហ្វីលីពីន ព្រមទាំងបានគូសបញ្ជាក់ថា កម្ពុជាផ្តល់សារៈសំខាន់ចំពោះទំនាក់ទំនងយូរអង្វែងជាមួយហ្វីលីពីន ដែលឈរលើមូលដ្ឋាននៃគោលការណ៍គោរពគ្នាទៅវិញទៅមក និងឧត្តមប្រយោជន៍រួម។

ជាការឆ្លើយតប, ឯកឧត្តមប្រធានាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និង សម្តេចបវរធិបតី ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងស្និទ្ធស្នាល។ ឯកឧត្តមប្រធានាធិបតីបានឯកភាពចំពោះការលើកឡើងរបស់សម្តេចបវរធិបតី អំពីភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ដោយឯកឧត្តមបានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា៖ ការពង្រឹងទំនាក់ទំនងរវាងកងទ័ព និងកងទ័ព, ពាណិជ្ជកម្ម និងការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ឯកឧត្តមប្រធានាធិបតីបានបន្ថែមថា ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនទៀត ដែលជាកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងយូរអង្វែង។

ក្នុងជំនួបនោះ, ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់អំពីការជំរុញនិងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគីលើវិស័យអាទិភាពមួយចំនួន រួមមាន៖ សន្តិសុខ និងការពារជាតិ, ពាណិជ្ជកម្ម និងវិនិយោគ, កសិកម្ម, ទេសចរណ៍, ថាមពល និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ជាដើម។ ទន្ទឹមនឹងនេះ, ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្ដូរយោបល់អំពីការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត តាមរយៈយន្តការពហុភាគី ទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងអន្តរជាតិ ដើម្បីរួមចំណែកដល់សន្ដិភាព ស្ថិរភាព និងវិបុលភាព។

ពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ឯកឧត្តមប្រធានាធិបតីបានបង្ហាញនូវការគាំទ្រចំពោះបទឈប់បាញ់ និងបានបញ្ជាក់ពីការត្រៀមលក្ខណៈរបស់ហ្វីលីពីន ដើម្បីចូលរួមជួយជំរុញឱ្យមានបទឈប់បាញ់មួយជាអចិន្ត្រៃយ៍ សំដៅធានាដល់សន្ដិភាព និងស្ថិរភាព នៃប្រទេសទាំងពីរ។ ជាមួយគ្នានោះ សម្ដេចបវរធិបតីបានថ្លែងអំណរគុណដល់ឯកឧត្តមប្រធានាធិបតីដែលបានគាំទ្របទឈប់បាញ់រវាងកម្ពុជា-ថៃ ព្រមទាំងអរគុណហ្វីលីពីន ដែលចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នៅកម្ពុជា ក៏ដូចជាការបង្កើនក្រុមអ្នកសង្កេតការណ៍អន្តរកាលនៅកម្ពុជា ផងដែរ។

បន្ទាប់ពីកិច្ចពិភាក្សាគ្នាប្រកបដោយលទ្ធផលជាផ្លែផ្កា, ថ្នាក់ដឹកនាំទាំងពីរបានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួនបី គឺ ១. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីសេវាអាកាសចរណ៍, ២. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ, និង៣. លិខិតប្តូរសារ ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន៕ សម្រាប់ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 YouTube, Facebook, Instagram, TikTok, Telegram, Twitter, WhatsApp, Line, CoolApp

https://api.whitetigertv-asia.com/uploads/images/1757344046752-photo_2025-09-08_22-07-02.jpghttps://api.whitetigertv-asia.com/uploads/images/1757344100654-photo_2025-09-08_21-38-33.jpghttps://api.whitetigertv-asia.com/uploads/images/1757344100656-photo_2025-09-08_21-38-41.jpghttps://api.whitetigertv-asia.com/uploads/images/1757344100657-photo_2025-09-08_21-38-46.jpghttps://api.whitetigertv-asia.com/uploads/images/1757344100657-photo_2025-09-08_21-38-51.jpghttps://api.whitetigertv-asia.com/uploads/images/1757344100658-photo_2025-09-08_21-38-57.jpghttps://api.whitetigertv-asia.com/uploads/images/1757346347946-photo_2025-09-08_22-41-19.jpghttps://api.whitetigertv-asia.com/uploads/images/1757346347948-photo_2025-09-08_22-41-24.jpghttps://api.whitetigertv-asia.com/uploads/images/1757346347949-photo_2025-09-08_22-41-29.jpghttps://api.whitetigertv-asia.com/uploads/images/1757346347951-photo_2025-09-08_22-41-34.jpghttps://api.whitetigertv-asia.com/uploads/images/1757346347951-photo_2025-09-08_22-41-39.jpghttps://api.whitetigertv-asia.com/uploads/images/1757346347953-photo_2025-09-08_22-41-44.jpghttps://api.whitetigertv-asia.com/uploads/images/1757346347954-photo_2025-09-08_22-41-49.jpghttps://api.whitetigertv-asia.com/uploads/images/1757346347955-photo_2025-09-08_22-42-26.jpghttps://api.whitetigertv-asia.com/uploads/images/1757346347956-photo_2025-09-08_22-42-30.jpghttps://api.whitetigertv-asia.com/uploads/images/1757346347956-photo_2025-09-08_22-42-35.jpghttps://api.whitetigertv-asia.com/uploads/images/1757346347957-photo_2025-09-08_22-42-39.jpghttps://api.whitetigertv-asia.com/uploads/images/1757346347957-photo_2025-09-08_22-42-44.jpghttps://api.whitetigertv-asia.com/uploads/images/1757346389938-photo_2025-09-08_22-46-05.jpghttps://api.whitetigertv-asia.com/uploads/images/1757346389939-photo_2025-09-08_22-46-10.jpghttps://api.whitetigertv-asia.com/uploads/images/1757346389940-photo_2025-09-08_22-46-15.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី