(ភ្នំពេញ)៖ លោក លីម សុភា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វារ និងជាអភិបាលខណ្ឌ បានចាត់ឲ្យលោកអនុប្រធានគណៈបញ្ជាការឯកភាពខណ្ឌ កៅ សារ៉ាវុធ ជាអភិបាលរងខណ្ឌ ដឹកនាំកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ចុះអនុវត្តវិធានការ និងឈានដល់ការបង្ក្រាបក្រុមក្មេងទំនើង ដែលបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ចំនួន១២នាក់ និងម៉ូតូចំនួន៥គ្រឿង ក្រោយពីមានការយកចិត្តទុកដាក់ពីសំណាក់ ម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានចេញបទបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត ទូទាំងប្រទេស ជាប្រធានគណៈបញ្ជាការឯកភាព និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ រឹតបន្តឹងលើវិធានការចំពោះក្រុមក្មេងទំនើង ដែលធ្វើសកម្មភាពខុសប្រក្រតី។
សកម្មភាពនៃប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើង ដែលបង្ហោះម៉ូតូទាំង១២នាក់ និងម៉ូតូ៥គ្រឿង របស់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វារ បានអនុវត្តឡើងយ៉ាងយកចិត្តទុកដាក់ ដោយកម្លាំងអាជ្ញាធរ និងការិយាល័យជំនាញពាក់ព័ន្ធ នគរបាល អាវុធហត្ថ និងប្រជាការពារ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង (ស៊ូកាណូ២) ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាម៉ោង៣ទាបភ្លឺថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤។
យ៉ាងណាក៏ដោយ ក្រោយពីបង្ក្រាបក្រុមក្មេងទំនើង ដែលបង្ហោះម៉ូតូទាំង១២នាក់ និងម៉ូតូ៥គ្រឿង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វារ ប្រគល់ឲ្យអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីបន្តចាត់វិធានការតាមជំនាញ ក្នុងការធ្វើកំណត់ហេតុ និងធ្វើកិច្ចសន្យាអប់រំ ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ និងចំពោះម៉ូតូត្រូវឃាត់រក្សារទុករយៈពេល៣ខែ សម្រាប់ការប្រព្រឹត្តលើកទី១ និងប្រាំ៦ខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តជាលើកទី២បន្តទៀត។
សូមជម្រាបថា សម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត ទូទាំងប្រទេស ដែលជាប្រធានគណៈបញ្ជាការឯកភាព និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ រឹតបន្តឹងវិធានការចំពោះក្រុមក្មេងទំនើង ដែលធ្វើសកម្មភាពខុសប្រក្រតី។
សម្ដចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ត្រូវធ្វើឱ្យបានម៉ឺងម៉ាត់ចំពោះក្រុមក្មេងទំនើង ទាំងវិធានការរដ្ឋបាល នៅក្នុងការបង្ការទប់ស្កាត់ ទាំងវិធានការអនុវត្តច្បាប់ ដោយគ្មានការបន្ធូរបន្ថយ ដោយគ្មានការលើកលែង ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម»។
សម្ដេចធិបតី បន្តថា ក្រុមក្មេងទំនើងនាពេលបច្ចុប្បន្ននេះ មានការកើនឡើង ជាពិសេសគឺការប្រើប្រាស់ដាវកាប់ចាក់ និងគ្រឿងញៀន ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម និងបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ៕