(ភ្នំពេញ)៖ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ក្នុងខណ្ឌ៧មករា សូមសម្តែងនូវការសោកស្តាយជាពន់ពេក និងធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពអសីលធម៌ ខ្វះសេចក្តីថ្លៃថ្នូររបស់ជនជាតិថៃមួយចំនួន ដែលបានយករូបថត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងឥស្សរជនជាន់ខ្ពស់កម្ពុជាដទៃទៀត ទៅធ្វើសកម្មភាពមិនគួរគប្បី និងអសីលធម៌នៅតាមទីសាធារណៈ ក្នុងប្រទេសថៃ។
អាកប្បកិរិយារបស់ជនជាតិថៃទាំងនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតដល់ឧត្តមភាពរបស់ឥស្សរជនកំពូលកម្ពុជា ដែលប្រជាជនគោរពស្រឡាញ់ និងចាត់ទុក សម្តេចតេជោប្រធានព្រឹទ្ធសភា ជារដ្ឋបុរសជាតិកម្ពុជា ដែលបានធ្វើពលិកម្មតស៊ូ លះបង់ និងបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីប្រជាជាតិ និងមាតុភូមិកម្ពុជា។ ទង្វើនេះ មិនត្រឹមតែធ្វើឱ្យ ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ឥស្សរជនកំពូលរបស់ជាតិប៉ុណ្ណោះទេ ប៉ុន្តែនេះជាការប្រមាថយ៉ាងធ្ងន់ធ្ងរ ដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ តម្លៃសីលធម៌ និងការគោរពគ្នាទៅវិញទៅមករវាងប្រជាជាតិ និងប្រជាជាតិ ជាពិសេសទំនាក់ទំនងក្នុងនាមជាប្រទេសជិតខាងថែមទៀតផង។
ជនជាតិអាស៊ី ជាពិសេសជនជាតិខ្មែរ និងជនជាតិថៃ មានប្រពៃណីគោរពយ៉ាងខ្ពង់ខ្ពស់ ចំពោះអង្គព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកំពូលរបស់ប្រទេស។ ក្នុងហេតុផលនេះហើយ បានជាថ្នាក់ដឹកនាំកំពូលកម្ពុជា តែងតែអំពាវនាវដល់ ប្រជាពលរដ្ឋខ្មែរ សូមកុំយកព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រ និងរូបថតថ្នាក់ដឹកនាំថៃ ទៅធ្វើសកម្មភាពណាមួយដែល មិនគួរគប្បី និងសូមកុំឱ្យមានការរើសអើងចំពោះប្រជាជនថៃដែលកំពុងស្នាក់នៅ និងប្រកបមុខរបរនៅកម្ពុជា។ ផ្ទុយមកវិញ ជនជាតិថៃមួយចំនួនបានប្រព្រឹត្តិអំពើអសីលធម៌ និងប្រមាថចំពោះថ្នាក់ដឹកនាំកម្ពុជាដោយចំហរ ប៉ុន្តែបែរជា គ្មានវិធានការអ្វីទាំងអស់ចំពោះបុគ្គលទាំងនោះ។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមថ្កោលទោសចំពោះទង្វើអសីលធម៌ ខ្វះសេចក្តីថ្លៃថ្នូររបស់ជនជាតិថៃ មួយចំនួន និងសូមប្តេជ្ញាគាំទ្ររាល់វិធានការ និងគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនតាមច្បាប់ និងគោលការណ៍អន្តរជាតិជាធរមាន និងអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ដោយមិនប្រព្រឹត្តិទង្វើអសីលធម៌ ខ្វះសេចក្តីថ្លៃថ្នូរតបតទៅលើ ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ និងប្រជាជនថៃនោះឡើយ៕

