ខ្លាសអាស៊ីធីវី

ក្មេងទំនើងប្រុសស្រី ០៨នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

ព័ត៌មានជាតិ

(ភ្នំពេញ)៖ កន្លងមកកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការបង្ក្រាប ក្មេងទំនើងជាបន្តបន្ទាប់ជាច្រើនរយនាក់ ដោយករណីខ្លះត្រូវបានធ្វើការអប់រំតាមវិធានការរដ្ឋបាល និងខ្លះទៀតត្រូវបានបញ្ជូនទៅតុលាការ និងផ្តន្ទាទោសដាក់ពន្ធនាគារ។ តែថ្មីនេះ គេសង្កេតឃើញថា អាវុធហត្ថរាជធានីភ្នំពេញ ហាក់ចាត់វិធានក្តៅ និងតឹងរឹង ដោយធ្វើការបង្ក្រាបក្រុមក្មេងទំនើងជាបន្តបន្ទាប់ និងធ្វើការបញ្ជូនទៅតុលាការជាញឹកញាប់ ដោយមិនមានការលើកលែង។

ជាក់ស្តែងកាលពីវេលាម៉ោង០៣ទៀបភ្លឺ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ មានករណីក្មេងឈាមរាវ ប្រុសស្រី០២ក្រុម បានធ្វើសកម្មភាពវាយតប់គ្នាទៅវិញទៅមក នៅចំណុចក្នុងហាងប្រាសាទ ទីតាំងផ្លូវលេខ៣៧០កែង៥១ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ បន្ទាប់ពីធ្វើការឃាត់ខ្លួនជាក់ស្តែង នូវក្រុមក្មេងទំនើងទាំង០២ក្រុម សរុបបានចំនួន០៨នាក់ (ប្រុស០២នាក់ ស្រី០៦នាក់) អាវុធហត្ថរាជធានីភ្នំពេញ បានកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ និងកំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត នូវបក្ខពួកផ្សេងទៀត ដែលចូលរួមក្នុងសកម្មភាពវាយតប់នេះ យកមកផ្តន្ទាទោសជាមួយគ្នាផងដែរ។

ទន្ទឹមគ្នានេះ កាលពីចុងខែមេសា កន្លងទៅ អាវុធហត្ថរាជធានីភ្នំពេញ ក៏បានឃាត់ខ្លួនទំនើង ០៨នាក់ បញ្ជូនទៅតុលាការ រហូតត្រូវបានឃុំខ្លួនក្នុងពន្ធនាគារព្រៃសដល់បច្ចុប្បន្ន ដែលក្នុងនោះ០៦នាក់ ជាសមាជិកក្នុងក្រុមក្មេងទំនើងមានរហ័សនាមថា MTT (មនុស្សតូចៗ) មានអាយុត្រឹមតែ១៤ឆ្នាំ ១៥ឆ្នាំ ១៦ឆ្នាំ ជាប់ពាក់ព័ន្ធករណីនាំគ្នាធ្វើសកម្មភាពព្រួតវាយជនរងគ្រោះម្នាក់ ដណ្តើមយកម៉ូតូ០១គ្រឿង នៅចំណុចបណ្តោយវិថីឈ្នះឈ្នះ ស្ថិតភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និង០២នាក់ ពាក់ព័ន្ធធ្វើសកម្មភាពលូកយកទូរស័ព្ទដៃ ០១គ្រឿង របស់នារីម្នាក់ ដែលកំពុងធ្វើដំណើរលើចំណុចផ្លូវ១៦៣ កែងផ្លូវ២៣២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលទូរស័ព្ទជនរងគ្រោះបានទុក នៅក្នុងឃ្លុបម៉ូតូខាងមុខ។

ក្មេងទំនើងគឺតែងតែ បង្កការភ័យខ្លាចដល់សិស្សសាលា បង្កការភ័យខ្លាចដល់អ្នករស់នៅក្នុងសហគមន៍ បង្កការភ័យខ្លាចដល់អ្នកដំណើរ ក្លាយជាការគំរាមកំហែង និងអសន្តិសុខដល់សង្គម អាចកាត់បន្ថយទេសចរ និងបង្កជារបួសស្នាម ធ្វើឱ្យបាត់បង់ជីវិត ហិនហោចទ្រព្យសម្បត្តិអ្នកទៃ ហិនហោចទ្រព្យ​សម្បត្តិរដ្ឋ ធ្វើឱ្យខ្លួនឯងបាត់បង់ឱកាសសិក្សា រៀនសូត្រ រហូតឈានដល់មានទោសទណ្ឌ បំផ្លាញកេរ្ដិ៍ឈ្មោះ និងអនាគតរបស់ខ្លួនឯង និងគ្រួសារ ដូច្នេះយើងត្រូវរួមគ្នាបង្កាទប់ស្កាត់ក្មេងទំនើងទាំងអស់គ្នា។

ប្រសិនបើបងប្អូន បានឃើញទង្វើទំនើងទាំងឡាយ អាចទំនាក់ទំនងសុំកិច្ចអន្តរាគមន៍ តាមរយៈទូរស័ព្ទបន្ទាន់ លេខ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញ បាន។ សូមជម្រាបផងដែរថា សម្រាប់ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 YouTube, Facebook, Instagram, TikTok, Telegram, Twitter, WhatsApp, Line, CoolApp

https://api.whitetigertv-asia.com/uploads/images/1747314883261-photo_2025-05-15_19-44-29.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី