Boostrong

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សម្តែងក្តីបារម្ភ បើទោះបីគ្រោះថ្នាក់ចរាចរណ៍ រយៈពេល១១ខែ ដើមឆ្នាំ២០២៤ មានការថយចុះក្តី

ព័ត៌មានជាតិ
ចុះថ្សាយថ្ងៃ​ ព្រហស្បតិ៍ ១៩-ធ្នូ-២០២៤

(កំពង់ឆ្នាំង)៖ ក្នុងឱកាសអញ្ជើញជាអធិបតីនៃទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៩ ប្រារពនៅទីរួមខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានគូសបញ្ជាក់ថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានកាត់បន្ថយ ចំនួន៣៥៤លើក ស្មើនឹង១២% និងកាត់បន្ថយចំនួនអ្នកស្លាប់២៧នាក់ ស្មើនឹង២% កាត់បន្ថយចំនួនអ្នករបួសបានចំនួន៥៨០នាក់ ស្មើនិង១៤%។

ផ្អែកតាមលទ្ធផលនេះ ប្រមុខក្រសួងមហាផ្ទៃ បានសម្តែងការកោតសរសើរចំពោះការពលីកម្មសព្វបែបយ៉ាង របស់មន្រ្តីមានសមត្ថកិច្ចអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គ្រប់លំដាប់ថ្នាក់ នៅទូទាំងប្រទេស ដែលបានបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ ប្រកបដោយស្មារតីទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈខ្ពស់ ក្នុងការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ការផ្សព្វផ្សាយអប់រំច្បាប់ ការកសាង ជួសជុល កែលំអស្ថានភាពផ្លូវថ្នល់ ការសង្គ្រោះជនរងគ្រោះ និងកិច្ចការសំខាន់ៗជាច្រើនទៀត ទទួលបានលទ្ធផលល្អប្រសើរ ពិសេសបានសង្គ្រោះជីវិតប្រជាពលរដ្ឋ ឱ្យរួចផុតពីការបាត់បង់ជីវិត និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

ពីវេទិកាអធិបតីនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងពីបញ្ហានៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលបង្កនូវផលវិបាកជាច្រើនដល់សង្គមជាតិ និងប្រជាពលរដ្ឋ និងបានបង្កផលប៉ះពាល់ដល់គោលនយោបាយ កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។ ឯកឧត្តម នៅតែបង្ហាញក្ដីបាម្ភថា គ្រោះថ្នាក់នេះនឹងបន្តអូសបន្លាយក្នុងរយៈពេលវែង អាចនឹងមានកំណើនខ្ពស់បន្ថែមទៀត ប្រសិនបើកង្វះវិធានការទប់ស្កាត់ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងកង្វះការចូលរួមគោរពអនុវត្តច្បាប់ ពីសំណាក់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប។

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានផ្តល់អនុសាសន៍ណែនាំដល់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី-ខេត្ត ត្រូវបង្កើនវិធានការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមទិសដៅការងាររបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឱ្យកាន់តែមានតម្លាភាព ប្រសិទ្ធភាព និងស្មើភាពសំដៅកាត់បន្ថយថែមទៀតនូវចំនួនហេតុការណ៍គ្រោះថ្នាក់ ចំនួនជនរងគ្រោះ និងបទល្មើសចរាចរណ៍ ឱ្យបានជាអតិបរមា និងត្រូវខិតខំអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំឱ្យបង្កើនការផ្សព្វផ្សាយអប់រំច្បាប់ និងបទដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកតាមគ្រប់រូបភាព ឱ្យបានទូលំទូលាយដល់គ្រប់មូលដ្ឋាន ដើម្បីឱ្យមានការជ្រួតជ្រាបដល់គ្រប់វេទិកា គ្រប់សាលារៀន និងគ្រប់គ្រួសារ ត្រូវបង្កើនការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក តាមបទដ្ឋានគតិយុត្ត និងគោលការណ៍ដែលក្រសួងបានដាក់ចេញ ត្រូវចាត់វិធានការ ឱ្យបានតឹងរឹងបំផុតចំពោះបទល្មើស ដែលជនបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយបើករត់គេចវេសពីការដោះស្រាយតាមផ្លូវច្បាប់៕

https://api.whitetigertv-asia.com/uploads/images/1734576194491-photo_2024-12-19_09-36-17.jpghttps://api.whitetigertv-asia.com/uploads/images/1734576194492-photo_2024-12-19_09-36-22.jpghttps://api.whitetigertv-asia.com/uploads/images/1734576194494-photo_2024-12-19_09-36-28.jpghttps://api.whitetigertv-asia.com/uploads/images/1734576194494-photo_2024-12-19_09-36-49.jpghttps://api.whitetigertv-asia.com/uploads/images/1734576194495-photo_2024-12-19_09-36-55.jpghttps://api.whitetigertv-asia.com/uploads/images/1734576194496-photo_2024-12-19_09-37-01.jpghttps://api.whitetigertv-asia.com/uploads/images/1734576194496-photo_2024-12-19_09-37-06.jpghttps://api.whitetigertv-asia.com/uploads/images/1734576194497-photo_2024-12-19_09-37-10.jpghttps://api.whitetigertv-asia.com/uploads/images/1734576194498-photo_2024-12-19_09-37-17.jpghttps://api.whitetigertv-asia.com/uploads/images/1734576194498-photo_2024-12-19_09-37-22.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
Boostrong