(ភ្នំពេញ)៖ នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Olivier POIVRE D’ARVOR I ប្រេសិតពិសេសរបស់ប្រធានាធិបតីបារាំង ទទួលបន្ទុកសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ និងជាឯកអគ្គរដ្ឋទូតទទួលបន្ទុកតំបន់មហាសមុទ្រនិងតំបន់ប៉ូល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រេសិតពិសេសបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ជាមួយនឹងការសម្រេចបាននូវសមិទ្ធផលជាច្រើនផ្សេងទៀត។ ឯកឧត្តមក៏មានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀតនាពេលអនាគត។
ជាមួយគ្នានោះ ឯកឧត្តមប្រេសិតពិសេសក៏បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងបារាំង-កម្ពុជា ហើយឯកឧត្តមបានបង្ហាញសុទិដ្ឋិនិយមថាទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងត្រូវលេីកកម្ពស់ជាលំដាប់ទៅថ្ងៃអនាគត។ ឯកឧត្តមប្រេសិតពិសេស ក៏បានគោរពជម្រាបជូនសម្តេចធិបតីថា ឯកឧត្តម Emmanuel Macron ប្រធានាធិបតីសាធារណរដ្ឋបារាំង សូមអញ្ជើញសម្ដេចបវរធិបតី ចូលរួមក្នុងសន្នីសិទអង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ លើកទី៣ ដែលនឹងប្រារព្ធឡេីងនៅទីក្រុងនីស សាធារណរដ្ឋបារាំង នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ផងដែរ។
ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទាំងពីរ និងបានថ្លែងអំណរគុណចំពោះការគាំទ្រ និងការរួមចំណែករបស់ប្រទេសបារាំងក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ដូចសព្វថ្ងៃ។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ផងដែរថា ទំនាក់ទំនង និងការផ្លាស់ប្ដូរដំណើរទស្សនកិច្ចជាញឹកញាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងចូលរួមចំណែកកាន់តែខ្លាំងក្លាបន្ថែមទៀតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ដែលមិនត្រឹមតែរវាងរាជរដ្ឋាភិបាល និងរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរវាងវិស័យឯកជន និងវិស័យឯកជន ផងដែរ។
សម្តេចបវរធិបតី ក៍បានអរគុណឯកឧត្តម ប្រធានាធិបតីបារាំង ដែលបានអញ្ជើញសម្តេចបវរធិបតីចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ លើកទី៣ នេះ ហេីយសម្តេចបវរធិបតីនឹងពិចារណាដោយយកចិត្តទុកដាក់ចំពោះការអញ្ជេីញនេះ។ សម្ដេចបវរធីបតី និងឯកឧត្តមប្រេសិតពិសេស ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាមួយចំនួន លេីបញ្ហការប្រែប្រួលអាកាសធាតុជាសកល, ក៏ដូចជាផលប៉ះពាល់នៃការប្រើប្រាស់ថង់ប្លាស្ទិក ដែលរួមចំណែកទៅដល់ការការពារបរិស្ថាន និងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុជាសកលផងដែរ៕