(ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ នាល្ងាចថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យទីតាំងផ្លូវលេខ១០០៣ ត្រង់ចំណុចភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ដែលតែងមានទឹកហូរកាត់ផ្លូវ ព្រមទាំងចាត់ឱ្យប្រើប្រាស់គ្រឿងចក្រកាយរំដោះទឹក និងឡានទឹកបាញ់លាងសម្អាតផ្លូវ លែងឱ្យមានទឹកហូរកាត់ផ្លូវនេះបន្តទៀត។
ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌឬស្សីកែវ ក៏បានបញ្ជាក់ដែរថា រដ្ឋបាលខណ្ឌនឹងរៀបចំដាក់លូរំដោះទឹកតាមគម្រោងផែនការប្រចាំឆ្នាំ របស់រដ្ឋបាលខណ្ឌ នាពេលខាងមុខនេះ។ បន្តមកទៀត លោកអភិបាលខណ្ឌ ក៏បានចុះជួបសំណេះសំណាល និងណែនាំដល់បងប្អូនអាជីវករលក់ដូរតាមបណ្ដោយផ្លូវលេខ១០០៣ ទល់មុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យចូលរួមសហការគ្នាថែរក្សា និងធានាឱ្យបាននូវសណ្ដាប់ធ្នាប់ របៀបរៀបរយ អនាម័យ ទីសាធារណៈ ឱ្យបានត្រឹមត្រូវ៕