(ភ្នំពេញ)៖ ក្រោយទទួលបានផែនការពីលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ, លោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ បានណែនាំឲ្យលោកស្រី ច័ន្ទ រិទ្ធនីតា ម្ចាស់ទីតាំង «រោងភាពយន្ដខ្នាតតូច ស្ពេក SPACE» ត្រូវស្នើសុំអាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាត្តសារជាថ្មីឡើងវិញ បើមិនដូច្នេះទេ ប្រាកដជាត្រូវប្រឈមជាមួយផ្លូវច្បាប់ជាក់ជាពុំខានឡើយ។
ការព្រមានបែបនេះ បានធ្វើឡើងបន្ទាប់ពីលោកស្រីចៅសង្កាត់ទួលសង្កែទី១ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ បានដឹកនាំកម្លាំងចម្រុះចុះធ្វើរដ្ឋបាល និងឈានដល់ការត្រួតពិនិត្យ និងធ្វើកំណត់ហេតុទីតាំង «រោងភាពយន្ដខ្នាតតូច ស្ពេក SPACE» ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៦២R ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងសកម្មភាពចុះត្រួតពិនិត្យនេះ លោកស្រីចៅសង្កាត់ទួលសង្កែទី១ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ ក្រៅពីហាមដាច់ខាតដល់ម្ចាស់ទីតាំង «រោងភាពយន្ដខ្នាតតូច ស្ពេក SPACE» ដោយមិនអនុញ្ញាត្តឲ្យក្មេង ដែលមានអាយុក្រោម១៨ឆ្នាំចូលកំសាន្ដ ឬប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ក៏បានណែនាំឲ្យលោកស្រី ច័ន្ទ រិទ្ធនីតា ម្ចាស់ទីតាំង ត្រូវស្នើសុំអាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាត្តសារជាថ្មីឡើងវិញ បើមិនដូច្នេះទេ ប្រាកដជាត្រូវប្រឈមជាមួយផ្លូវច្បាប់ជាក់ជាពុំខានឡើយ បន្ទាប់ពីបានរកឃើញថា «រោងភាពយន្ដខ្នាតតូច ស្ពេក SPACE» ពិតជាមានអាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាត្តត្រឹមត្រូវ តែការអនុវត្តមិនត្រឹមត្រូវតាមច្បាប់នោះទេ ពោលគឺបើយោងតាមអាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាត្តស្នើសុំត្រឹម៥បន្ទប់តែប៉ុណ្ណោះ តែការអនុវត្តជាក់ស្ដែងមានរហូតដល់១០បន្ទប់ និងមានទាំងខារ៉ាអូខេ បានន័យថា លួចបើកបន្ថែមក្រៅផ្លូវការ៥បន្ទប់ទៀត លើសពីកម្រិតនៃអាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាត្ត៕