(ភ្នំពេញ)៖ ក្រោយពីបានដោះស្រាយរួចរាល់នូវវិវាទជាង៤០០គ្រួសារ សម្រាប់ប្រជាពលរដ្ឋ នៅសល់ចំនួន១២៦គ្រួសារទៀត ស្ថិតនៅក្នុងគម្រោងដីឡូត៍ គឹម សុខ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃពុធ ១២រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បាននាំគ្នាយកឯកសារទៅដាក់ពាក្យស្នើសុំចុះបញ្ជីដីធ្លី (ប័ណ្ណកម្មសិទ្ធិ) ដើម្បីបម្រើផលប្រយោជន៍នៃតម្រូវការចាំបាច់ផ្សេងៗ ពីការិយាល័យបរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌពោធិ៍សែនជ័យ។
បើតាមលោក ប្លុង សីហៈ ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា «សកម្មភាពនៃការពិនិត្យ និងទទួលយកឯកសារពីប្រជាពលរដ្ឋ ដែលនៅសល់ចំនួន១២៦គ្រួសារទៀត ស្ថិតនៅក្នុងគម្រោងដីឡូត៍ គឹម សុខ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ដើម្បីស្នើសុំចុះបញ្ជីដីធ្លី នៃផែនការ (ចុះបញ្ជីដីបង្ហើយ-សេវាគាប់ចិត្ត-បរិយាកាសគ្មានវិវាទ) បានធ្វើឡើងក្រោយពីបានធ្វើការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ លើករណីវិវាទរួចរាល់ជាស្ថាពរដល់ទៅជាង៤០០គ្រួសារកន្លងមក ដោយលោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ពិសេសឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់»។
ប្រធានការិយាល័យរៀបចំដែនដី នគរូបនីកម្ម សំណង់ និងភូមិបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងទៀតថា «ការយកចិត្តទុកដាក់របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ និងការយកចិត្តទុកដាក់ជាពិសេសរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ការចុះបញ្ជីដីធ្លី និងឈានដល់ប្រគល់ប្លង់សម្គាល់ម្ចាស់អចលនវត្ថុដល់ប្រជាពលរដ្ឋ គឺជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីឲ្យប្រជាពលរដ្ឋ មានភាពកក់ក្តៅថែមមួយកម្រិតទៀត លើការគ្រប់គ្រង់ដីធ្លីរបស់ខ្លួន ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់កម្មសិទ្ធិករ ក្នុងការយកទៅប្រើប្រាស់លើការប្រកបអាជីវកម្មផ្សេងៗតាមតម្រូវការចាំបាច់ ឬក៏អាចធ្វើប្រទានកម្មដល់កូនចៅ ជាដើម»៕