(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានគូសបញ្ជាក់ថា ការចាក់បេតុងជួសជុលលប់បំបាត់ជង្គុកតូចធំ (សំបុកមាន់) គឺត្រូវបានធ្វើឡើងជាបន្តបន្ទាប់ និងដោះស្រាយជាជំហ៊ានៗ និងបន្តធ្វើឥតឈប់ឈរនោះឡើយ និងជួសជុលឱ្យទាល់តែអស់ ចំពោះផ្លូវទាំងឡាយណា ដែលរងការខូចខាតនូវមួយអន្លើ (សំបុកមាន់) បើទោះបីជាអាជ្ញាធរ មិនទាន់ទទួលបានការស្នើ ឫជាសំណូមពរណាមួយ ពីប្រជាពលរដ្ឋក៏ដោយ។
ការគូសបញ្ជាក់របស់លោក ថេង សុថុល បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញដឹកនាំមន្ត្រីពាក់ព័ន្ធចុះត្រួតពិនិត្យចំពោះការដាក់ឱ្យដំណើរការជួសជុលផ្លូវខូចខាតនូវមួយអន្លឺ (សំបុកមាន់) ស្ថិតនៅតាមបណ្ដោយកំណាត់ផ្លូវលេខ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ។
នាឱកាសនេះ លោកអភិបាលខណ្ឌ៧មករា បានគូសបញ្ជាក់ទៀតថា ក្រោយពីបានជួសជុលរួចរាល់ជាស្ថាពរ ចំពោះផ្លូវទាំងឡាយ ដែលខូចខាតនូវមួយអន្លឺ (សំបុកមាន់) នៅក្នុងភូមិសាស្ត្រសង្កាត់ទាំង៨ នៃរដ្ឋបាលខណ្ឌ គឺមិនត្រឹមតែអាចធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋ មានភាពងាយស្រួលជាងមុននោះទេ ថែមទាំងបានជួយកាត់បន្ថយអាត្រាគ្រោះថ្នាក់ និងរំដោះចរាចរណ៍ថែមទៀតផង ជាពិសេស ជាការរួមចំណែកក្នុងការជួយកាត់បន្ថយលើការចំណាយថវិការបស់ជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា៕