(ភ្នំពេញ)៖ ប្រជាពលរដ្ឋ តាមរយៈសារព័ត៌មាន បានរាយការណ៍ប្រាប់ឱ្យដឹងថា មានទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ១ន្លែង ស្ថិតនៅតាមបណ្តោយកំណាត់ផ្លូវលេខ៩០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលជាដើមចមបង្កឱ្យកើតមានជាបទល្មើសផ្សេងៗ ដូចជាអំពើ លួច ឆក់ ប្លន់ ជាដើម បាននឹងកំពុងបើកទទួលភ្ញៀវចូលចាក់លេងភ្នាល់យ៉ាងគគ្រឹកគគ្រេងរាល់ថ្ងៃ ដោយគ្មានខ្លាចញញើត អាជ្ញាធរមានសមត្ថកិច្ចនោះឡើយ បន្ទាប់ពីមានការព្រមានជាបន្តបន្ទាប់ ក្នុងការចាត់វិធានការបង្ក្រាបទាំងផ្ទាល់ និងតាមអនឡាញ ដើម្បីភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច ពីថ្នាក់ដឹកនាំរាជធានីភ្នំពេញ ក្រសួងមហាផ្ទៃ ពិសេសសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា។
ជាមួយនឹងការបើកទទួលភ្ញៀវចូលលេងដោយគ្មានខ្លាចញញើត សម្រាប់ទីតាំងបនល្បែងតាមប្រព័ន្ធអនឡាញមួយកន្លែងនេះ ប្រជាពលរដ្ឋដដែល ដោយសុំមិនបញ្ចេញឈ្មោះ និងតាមរយៈសារព័ត៌មាន សូមសំណូមពរយ៉ាងទទូចដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ មេត្តាជួយចុះត្រួតពិនិត្យ និងបើអាចគួរមានវិធានការបង្ក្រាបតែម្ដង នូវទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញមួយកន្លែងនេះ ដើម្បីជាការធានានូវសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងមូលដ្ឋាន និងសម្រាប់ជាការចូលរួមអនុវត្តគោលនយោបាយ របស់ថ្នាក់ជាតិ ក៏ដូចជាបទបញ្ជាតាមរយៈសេចក្ដីណែនាំ ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ នៅរាជធានីភ្នំពេញ របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងសារាចរណែនាំ ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងសារសំឡេងពិសេស របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃគម្ពុជា។
ខាងក្រោមនេះ ជាសារសំឡេងពិសេសរំលឹករបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត «ចេញបញ្ជាឱ្យអភិបាលរាជធានី-ខេត្តនៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង ក្នុងករណីមានបន្តបើកថ្មីទៀត សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូនសម្តេច» កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ និងលិខិតនៃសារាចរណែនាំ ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ទាំងផ្ទាល់ និងតាមអនឡាញ ៥ចំណុច កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ព្រមទាំងលិខិតនៃសេចក្ដីណែនាំ ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ទាំងផ្ទាល់ និងតាមអនឡាញ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ របស់ឯកឧត្តម ឃួង ស្រេង ៖