(ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន អភិបាល នៃគណៈអភិបាលខណ្ឌឬស្សីកែវ បានបន្តណែនាំដល់បងប្អូនប្រជាអាជីវករ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំអនាម័យ និងសណ្ដាប់ធ្នាប់នូវការតាំងរបស់របរលក់ដូរ ឱ្យមានរបៀបរៀបរយ ដើម្បីធ្វើយ៉ាងណា ថែរក្សាឱ្យបាននូវសោភ័ណភាពទីក្រុងផង ក៏ដូចជាសម្រួលដល់ការលំហូរចរាចររបស់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ផងដែរ។
លោក ជិន ប៊ុនធឿន បានណែនាំយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញដឹកនាំមន្ត្រីពាក់ព័ន្ធខណ្ឌ-សង្កាត់ចុះសួរសុខទុក្ខ និងពិនិត្យពីស្ថានភាពសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ស្ថិតនៅតាមបណ្ដោយកំណាត់ផ្លូវលេខ១០៥ ត្រង់ចំណុចផ្សារសាំហាន់ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ នារសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ។
នាឱកាសនេះ លោកអភិបាលខណ្ឌឬស្សីកែវ ក៏បានជម្រាបជូនដល់បងប្អូនប្រជាអាជីវករឱ្យបានដឹងដែរថា ការអនុញ្ញាតឱ្យបងប្អូនបានលក់ដូរនៅទីតាំងខាងលើនេះ គឺអនុញ្ញាតជូនជាបណ្ដោះអាសន្នតែប៉ុណ្ណោះ ហើយអាជ្ញាធររដ្ឋបាលខណ្ឌ បាននឹងកំពុងសិក្សារកទីតាំងសម្រាប់បងប្អូនចូលទៅលក់ដូរនាពេលខាងមុខនេះ ក្រៅពីរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំអនាម័យ និងសណ្ដាប់ធ្នាប់នូវការតាំងរបស់របរលក់ដូរ ឱ្យមានរបៀបរៀបរយ ដើម្បីធ្វើយ៉ាងណា ថែរក្សាឱ្យបាននូវសោភ័ណភាពទីក្រុងផង ក៏ដូចជាសម្រួលដល់ការលំហូរចរាចររបស់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ផងដែរ៕