Boostrong

ប្រជាពលរដ្ឋ សំណូមពរដល់ថ្នាក់ដឹកនាំជួយចាត់វិធានការបង្ក្រាបទីតាំងល្បែងស៊ីសងយូគី និងល្បែងល្មើសច្បាប់ផ្សេងទៀត នៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត

ពីនេះពីនោះ
ចុះថ្សាយថ្ងៃ​ អាទិត្យ ១៥-ធ្នូ-២០២៤

(កំពត)៖ ប្រជាពលរដ្ឋ តាមរយៈអ្នកសារព័ត៌មាន និងដើម្បី «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុច» របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានានូវសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសង្គមឱ្យល្អប្រសើរបន្ថែមមួយកម្រិតទៀត បានសំណូមដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ឱ្យជួយចាត់វិធានការបង្ក្រាបទីតាំងបនល្បែងចាក់ភ្នាល់យូគី និងប្រភេទល្បែងល្មើសច្បាប់ផ្សេងៗទៀតដ៏សម្បើមមួយកន្លែង ស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។

សំណូមពររបស់ប្រជាពលរដ្ឋខាងលើនេះ បានធ្វើឡើងបន្ទាប់ពីពួកគាត់ទទួលបានដំណឹងតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា នៃសារាចរណែនាំ ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ទាំងផ្ទាល់និងតាមអនឡាញ ៥ចំណុច កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាពិសេសសារសំឡេងរំលឹករបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ «បានចេញបញ្ជាឱ្យអភិបាលរាជធានី-ខេត្តនៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង ក្នុងករណីមានបន្តបើកថ្មីទៀត សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូនសម្តេច»

ជាមួយគ្នានេះ ប្រជាពលរដ្ឋ មានសង្ឃឹមជឿជាក់ថា ថ្នាក់ដឹកនាំដែលពាក់ព័ន្ធទាំងអស់ ប្រាកដជាយកចិត្តទុកដាក់ក្នុងការបង្ក្រាបនូវទីតាំងបនល្បែងស៊ីសង១កន្លែងខាងលើនេះ ជាក់ជាពុំខានឡើយ ដើម្បីធានានូវសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសង្គម ក្នុងមូលដ្ឋានឱ្យបានល្អប្រសើរបន្ថែមមួយកម្រិតទៀត បន្ទាប់ពីមានការជួយផ្សព្វផ្សាយបញ្ចូនសារតាមរយៈសារព័ត៌មាន និងក្រោយពីមានការយកចិត្តទុកដាក់ចេញសេចក្ដីណែនាំជាបន្តបន្ទាប់ នៃសារាចរណែនាំរបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និងជាពិសេសសារសំឡេងរម្លឹកដល់អភិបាលរាជធានី-ខេត្តទូទាំងប្រទេស យកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងល្មើសច្បាប់គ្រប់ប្រភេទ ក្នុងមូលដ្ឋាន ដែលប្រកបដោយភាពឈ្លាសវៃពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

ខាងក្រោមនេះ ជាសារសំឡេងរំលឹករបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលិខិតនៃសារាចរណែនាំ របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា៖


អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
Boostrong