(ភ្នំពេញ)៖ បន្ទាប់ពីតាមស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ចំនួន១១ករណី នៃការប្រព្រឹត្តបទល្មើសផ្សេងៗគ្នា ក្នុងរយៈពេល៣ថ្ងៃជាប់ៗគ្នាចំពោះជនសង្ស័យចំនួន៣០នាក់ មានទាំងម៉ូតូ និងរថយន្តជាច្រើនគ្រឿង ព្រមទាំងវត្ថុតាងជាច្រើនទៀត ជាមួយកាំភ្លើងខ្លីមួយដើម នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥នេះ ត្រូវបានកម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងនគរបាលនៅតាមបណ្ដាខណ្ឌនានា យកមកបង្ហាញមុខជាសាធារណៈ។
លោកឧត្តមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានអោយដឹងថា ដោយទទួលបទបញ្ជាដ៏ម៉ឺងម៉ាត់ ពីលោកឧត្ដមសេនីយ៍ឯក ជួន ណា រិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាអោយកម្លាំងជំនាញនគរបាលនៃអធិការដ្ឋានខណ្ឌទាំង១៤ ធ្វើការសហការស្រាវជ្រាវបង្ក្រាបបទល្មើសជាក់ស្តែងជាបន្តបន្ទាប់។
លោកឧត្តមសេនីយ៍ត្រី ប៊ុត សត្យា បានអោយដឹងទៀតថា នៅក្នុងរយៈពេល៣ថ្ងៃ គិតពីថ្ងៃ០៦ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ ជាលទ្ធផលបង្ក្រាបសរុប១១ករណី ដោយឃាត់ខ្លួនជនសង្ស័យ៣០នាក់។ នៅក្នុងនោះ ជនសង្ស័យដែលមានសារធាតុញៀន០៧នាក់ និងជាមុខសញ្ញាចាស់១នាក់។ នៅក្នុងចំណោមជនសង្ស័យទាំង៣០នាក់នេះដែរ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសចំនួន៣ករណី ឃាត់ខ្លួន១២នាក់ (ក្រុមឈ្មោះចិត្តតាន់ និងឈូកវ៉ា១ CV1 ជាក្រុមក្មេងទំនើង), ករណីលួច៦ករណី ឃាត់ខ្លួន៨នាក់ (មានសារធាតុញៀន៦នាក់), ករណីកាប់ប្លន់យកម៉ូតូ១ករណី ឃាត់ខ្លួន៣នាក់ (មានសារធាតុញៀន១នាក់) និងករណីអំពីលក់ដូរមនុស្ស, ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់១ករណី ឃាត់ខ្លួន៧នាក់។
លោកស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានបញ្ជាក់ថា នៅក្នុងចំណោមជនសង្ស័យទាំង៣០នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បង្ក្រាបបាន៣ករណី ឃាត់ខ្លួន១៦នាក់ ដោយមានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ក្មេងទំនើងឈ្មោះចិត្តតាន់ និងឈូកវ៉ា១ CV1) ករណីលក់ដូរមនុស្ស, ចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់, កាប់ប្លន់យកម៉ូតូ។
កម្លាំងនគរបាលខណ្ឌមានជ័យ បង្ក្រាបបាន២ករណី ឃាត់ខ្លួន២នាក់ (លួចទូរស័ព្ទដៃ និងលួច កាបូប), នគរបាលខណ្ឌសែនសុខ បង្ក្រាបបាន១ករណី ឃាត់ខ្លួន១នាក់ (លួច ម៉ូតូ),នគរបាលខណ្ឌកំបូល បង្ក្រាបបាន១ករណី ឃាត់ខ្លួន១នាក់ (លួចទូរស័ព្ទដៃ), នគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបបាន១ករណី ឃាត់ខ្លួន៤នាក់ ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស, នគរបាលខណ្ឌចំការមន បង្ក្រាបបាន១ករណី ឃាត់ខ្លួន២នាក់, នគរបាលខណ្ឌឬស្សីកែវ បង្ក្រាបបាន១ករណី ឃាត់ខ្លួន២នាក់ (លួចទូរស័ព្ទដៃ) និងនគរបាលខណ្ឌដង្កោ បង្ក្រាបបាន១ករណី ឃាត់ខ្លួន២នាក់ ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស។ សម្រាប់ជនសង្ស័យទាំង៣០នាក់ ត្រូវបានកម្លាំងនគរបាលជំនាញ នៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និងនគរបាលនៅតាមបណ្ដាខណ្ឌទាំង៧ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕
ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 Telegram
ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 Twitter
ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 WhatsApp
ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 Line
ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 CoolApp











