Boostrong

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងយុត្តិធម៌ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)

ព័ត៌មានជាតិ
ចុះថ្សាយថ្ងៃ​ សុក្រ ២០-ធ្នូ-២០២៤

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងយុត្តិធម៌ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ជាមួយលោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងយុត្តិធម៌ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នេះជាការបើកនូវទំព័រថ្មីនៃកិច្ចសហប្រតិបតិ្តការរវាងក្រសួងយុត្តិធម៌ និង UNDP ក្នុងការពង្រឹងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ ដើម្បីលើកកម្ពស់នីតិរដ្ឋ, អភិបាលកិច្ចល្អ និងការបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើប្រព័ន្ធយុត្តិធម៌។

អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងចូលរួមចំណែកគាំទ្រសកម្មភាពអាទិភាពនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌របស់ក្រសួងយុត្តិធម៌កម្ពុជា ជាពិសេស តាមរយៈការលើកកម្ពស់ប្រសិទ្ធភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, ការលើកកម្ពស់ការផ្តល់ជំនួយផ្នែកច្បាប់, ការលើកកម្ពស់ការយល់ដឹងអំពីច្បាប់នៅក្នុងសង្គម និងការលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ស្របតាមទិសដៅការងារនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដែលត្រូវបានប្រមូលផ្តុំការយកចិត្តទុកដាក់ទៅលើ “សសរស្តម្ភ” ចំនួន២គឺ (សសរស្តម្ភទី១) ការកែទម្រង់ប្រព័ន្ធតុលាការ សំដៅខិតខំធ្វើឱ្យប្រសើរឡើងជាលំដាប់ជាបន្តទៀត នូវគុណភាព និងប្រសិទ្ធភាព ទាំងលើការផ្តល់សេវាយុត្តិធម៌ប្រកបដោយភាពឆាប់រហ័ស ទាំងលើគុណភាពនៃយុត្តិធម៌ ប្រកបដោយភាពសុក្រឹត និងភាពត្រឹមត្រូវ និង (សសរស្តម្ភទី២)-ការកែទម្រង់ប្រព័ន្ធដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សំដៅបង្ខិតសេវានៃការដោះស្រាយវិវាទដែលមានលក្ខណៈងាយស្រួល និងសម្បូរបែបឱ្យទៅជិតប្រជាពលរដ្ឋនៅមូលដ្ឋាន, ជួយសម្រុះសម្រួលផ្សះផ្សាដោះស្រាយបញ្ចប់វិវាទឱ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋ ព្រមទាំងរួមចំណែកលើកកម្ពស់វប្បធម៌សន្តិភាពនិយមក្នុងសង្គមកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ UNDP ដែលកន្លងមកតែងតែជួយ និងផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ និងជាដៃគូយ៉ាងជិតស្និទ្ធជាមួយក្រសួងយុត្តិធម៌ ក៏ដូចជាក្រសួង ស្ថាប័នដទៃទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចសមិទ្ធផលការងារជាអាទិភាពជាច្រើនក្នុងបុព្វហេតុនៃការអភិវឌ្ឍរបស់កម្ពុជា៕

https://api.whitetigertv-asia.com/uploads/images/1734703615763-photo_2024-12-20_21-00-57.jpghttps://api.whitetigertv-asia.com/uploads/images/1734703615764-photo_2024-12-20_21-01-03.jpghttps://api.whitetigertv-asia.com/uploads/images/1734703615765-photo_2024-12-20_21-01-08.jpghttps://api.whitetigertv-asia.com/uploads/images/1734703615765-photo_2024-12-20_21-01-13.jpghttps://api.whitetigertv-asia.com/uploads/images/1734703615765-photo_2024-12-20_21-01-18.jpghttps://api.whitetigertv-asia.com/uploads/images/1734703615766-photo_2024-12-20_21-01-23.jpghttps://api.whitetigertv-asia.com/uploads/images/1734703615766-photo_2024-12-20_21-01-30.jpghttps://api.whitetigertv-asia.com/uploads/images/1734703615767-photo_2024-12-20_21-01-35.jpghttps://api.whitetigertv-asia.com/uploads/images/1734703615767-photo_2024-12-20_21-01-41.jpghttps://api.whitetigertv-asia.com/uploads/images/1734703615767-photo_2024-12-20_21-01-47.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
Boostrong