(ភ្នំពេញ)៖ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល បានក្រើនរំលឹកឱ្យអាជ្ញាធរមានសមត្ថកិច្ចខណ្ឌ-សង្កាត់ ត្រូវបន្តយកចិត្តទុកដាក់សហការពង្រឹងចំពោះការរក្សាសន្តិសុខ និងសុវត្ថិភាព ឱ្យបានល្អប្រសើរបន្ថែមទៀត សម្រាប់ការរស់នៅប្រកបដោយសេចក្ដីសុខ នៅក្នុងមូលដ្ឋាន របស់បងប្អូនប្រជាពលរដ្ឋ។
ការក្រើនរំលឹកនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយ ស្ដីពីការផ្សព្វផ្សាយសេចក្តីណែនាំលេខ០០២/២៦ សណន ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ របស់រដ្ឋបាលខណ្ឌ ស្តីពីការអនុវត្តអនុក្រឹត្យលេខ ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ ក្នុងភូមិសាស្ត្រខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦។
នាឱកាសនោះ លោកអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល បានជម្រុញឱ្យអាជ្ញាធរមានសមត្ថកិច្ចខណ្ឌ-សង្កាត់ត្រូវបន្តអនុវត្តឱ្យបានសកម្មថែមទៀត និងម៉ឺងមាត់ក្នុងការទប់ស្កាត់ និងបង្ក្រាបរាល់គ្រប់បទល្មើសផ្សេងៗ ដូចជាក្រុមក្មេងទំនើង ជាពិសេស ត្រូវបន្តផ្សព្វផ្សាយ និងតាមរយៈការរួមសហការចុះអនុវត្តផ្ទាល់ ដើម្បីពង្រឹងលើការគ្រប់គ្រងវត្តមានជនបរទេស ដែលមកស្នាក់នៅតាមបុរី ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល ដោយធានាបានថា ជនបរទេសទាំងនោះ គឺសុទ្ធតែមកស្នាក់នៅដោយស្របច្បាប់ និងមិនមានការលួចប្រព្រឹត្តបទល្មើសនោះឡើយ៕






































