(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ នៅសាលាបឋមសិក្សាចំរើនរដ្ឋ ស្ថិតនៅក្នុងភូមិលូ ភូមិឡកំបោរ និងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដល់កម្មសិទ្ធិករ ដែលឋិតក្រោមអធិបតីភាព លោក ជិន ប៊ុនធឿន អភិបាលខណ្ឌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ពឹង រតនៈ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ។
នាឱកាសនោះ ក្នុងនាមឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក ជិន ប៊ុនធឿន បានលើកឡើងថា ការចុះបញ្ជីក្បាលដីបានផ្តល់នូវសារប្រយោជន៍ដល់ប្រជាពលរដ្ឋយើងគឺធានាបាននូវភាពកក់ក្តៅ សុវត្ថិភាពដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញជូនគាត់ហើយវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុនាពេលនេះទៀតសោត មានសារៈសំខាន់សម្រាប់ធ្វើជាភស្តុតាងនូវការកាន់កាប់ដីធ្លីរបស់ខ្លួន និងចៀសវាងនូវការរំលោភបំពានលើដីធ្លី។ ប័ណ្ណនេះក៏អាចផ្តល់លទ្ធភាពដល់បងប្អូនប្រជាពលរដ្ឋយើង ដើម្បីយកទៅដាក់ធានាក្នុងការខ្ចីលុយពីធនាគារយកមកប្រកបរបរធ្វើអាជីវកម្មផ្សេងៗ។
ចំពោះរដ្ឋយើងការចុះបញ្ជីដីនេះផ្តល់លទ្ធភាពយ៉ាងធំធេងក្នុងការគ្រប់គ្រងដីធ្លី និងរៀបចំឲ្យមានសណ្តាប់ធ្នាប់ល្អប្រសើរ និងសម្រួលដល់ការធ្វើផែនការប្រើប្រាស់ដីធ្លីបានសមស្រប។ ម្យ៉ាងទៀត ការគ្រប់គ្រងដីធ្លីបានល្អប្រសើរជាមូលដ្ឋានឲ្យរដ្ឋគិតគូរប្រមូលចំណូលថវិកាជាតិ និងផ្ដល់លក្ខណៈងាយស្រួលក្នុងការជំរុញកិច្ចការវិនិយោគលើកស្ទួយសេដ្ឋកិច្ចជាតិឈានឡើងសំបូរសប្បាយជូនប្រជាជាតិនិងប្រជាពលរដ្ឋកម្ពុជា។ នេះគឺជាការរួមចំណែកយ៉ាងពិតប្រាកដក្នុងការអនុវត្តនយោបាយរបស់រដ្ឋាភិបាលស្តីពីការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរបស់ជាតិប្រកបដោយចីរភាព និងសុខដុម។
ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ សូមកោតសសើរនិងថ្លែងអំណរគុណដល់មន្ត្រីជំនាញទាំងអស់ ក៏ដូចជាមន្ត្រីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញគ្រប់រូប ដែលបំពេញការងារបំបែកក្បាលដី ទទួលបានលទ្ធផលល្អ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់បំផុតលើបញ្ហាដីធ្លី រហូតសំរេចលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈនាពេលនេះផងដែរ។ សូមជម្រាបផងដែរថា សម្រាប់ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 Telegram, Twitter, WhatsApp, Line, CoolApp៕


























































