(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានដឹកនាំក្រុមការងារ នៃគណៈកម្មការចម្រុះរបស់រដ្ឋបាលខណ្ឌ ចូលរួមសហការជាមួយក្រុមការងារ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីចុះហ៊ុំព័ទ្ធទីតាំងអគារ ដែលចាស់ទ្រុឌទ្រោមខ្លាំង (អតីតសណ្ឋាគារអង្គរមានជ័យ) ស្ថិតនៅកែងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម ក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ។
កិច្ចសហការរបស់ក្រុមការងារ នៃគណៈកម្មការចម្រុះរបស់រដ្ឋបាលខណ្ឌ៧មករាខាងលើនេះ បានធ្វើឡើងក្រោយពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទុកពេល១៥ថ្ងៃដល់ពលរដ្ឋ ៤គ្រួសារទៀត ក្នុងចំណោម៦៥គ្រួសារ ដែលកំពុងស្នាក់នៅ និងប្រកបមុខរបរ ត្រូវចាកចេញពីអតីតសណ្ឋាគារអង្គរមានជ័យ ដែលប្រឈមមុខនឹងការបាក់រលំជាយថាហេតុ ក្នុងគោលបំណងដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិផ្សេងៗ។
ជាក់ស្ដែង កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) បានជូនដំណឹងដល់សាធារណជនជ្រាបថា អគារសហកម្មសិទ្ធិ (អតីតសណ្ឋាគារអង្គរមានជ័យ) មានទីតាំងស្ថិតនៅលើផ្លូវកែងរវាងមហាវិថីព្រះមុនីវង្សនិង មហាវិថីកម្ពុជាក្រោម ស្ថិតនៅក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវបានសាងសង់ឡើងតាំងពីអំឡុងឆ្នាំ១៩៥០ គិតមកដល់បច្ចុប្បន្ន សំណង់អគារនេះមានអាយុ៧៥ឆ្នាំហើយ។
អគារនេះមានក្រឡាផ្ទៃបាតទំហំ សរុប៥៩០ម៉ែត្រការ៉េ មានកម្ពស់៦ជាន់ ស្មើនឹង១០៧បន្ទប់ និងមានប្រជាពលរដ្ឋរស់នៅសរុបចំនួន ៦៥គ្រួសារ។ គិតត្រឹមខែមេសា ឆ្នាំ២០២៥ ប្រជាពលរដ្ឋចំនួន៦១គ្រួសារ ស្មើនឹង៩៤% បានទទួលយកដំណោះស្រាយក្រោមការសម្របសម្រួលរបស់ក្រសួង ដ.ន.ស. ហើយបានស្ម័គ្រចិត្តចាកចេញទៅរស់នៅទីតាំងថ្មី ដែលមានសុវត្ថិភាព សម្រាប់ក្រុមគ្រួសាររបស់ពួកគាត់។
ផ្អែកតាមលទ្ធផលនៃការចុះត្រួតពិនិត្យ និងវាយតម្លៃគុណភាពសំណង់ ការវិភាគលើគុណភាព និងសុវត្ថិភាពគ្រឿងផ្គុំសំណង់ និងលទ្ធផលនៃការពីសោធន៍លើសម្ភារៈសំណង់អគារនេះរបស់មន្ទីរពិសោធន៍ជាតិសំណង់ ក្រសួង ដ.ន.ស. បានពិនិត្យឃើញថា សំណង់អគារនេះ មានសភាពចាស់ទ្រុឌទ្រោមខ្លាំង បាត់បង់តុល្យភាពលំនឹងនៃរចនាសម្ព័ន្ធគ្រឿងផ្គុំសំណង់ និងប្រឈមមុខនឹងការបាក់រលំជាយថាហេតុដោយមិនផ្តល់សញ្ញាណជាមុន ដែលអាចនឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។
ក្នុងន័យនេះ ផ្អែកតាមច្បាប់ស្តីពីសំណង់ឆ្នាំ២០១៩ និងដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិត ការបាត់បង់ទ្រព្យសម្បត្តិ និងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ដោយសារសំណង់អគារអតីតសណ្ឋាគារ អង្គរមានជ័យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមធ្វើការណែនាំដូចខាងក្រោម៖ ១-សូមបងប្អូនប្រជាពលរដ្ឋ៤គ្រួសារ ដែលកំពុងស្នាក់នៅប្រើប្រាស់ និងប្រកបអាជីវកម្មក្នុងអគារនេះ ត្រូវ បញ្ឈប់ការរស់នៅ និងការប្រកបអាជីវកម្មជាបន្ទាន់ និងត្រូវធ្វើការចាកចេញពីអគារនេះ ក្នុងរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ជាមួយគ្នានេះ ក្រុមការងារក្រសួង ដ.ន.ស. នឹងបន្តសម្របសម្រួលដោះស្រាយសំណងជូនប្រជាពលរដ្ឋ ដែលនៅសល់ចុងក្រោយចំនួន៤គ្រួសារ។
២-រដ្ឋបាលរាជធានីភ្នំពេញ ត្រូវចាត់វិធានការបន្ទាន់ ជាអាទិ៍ ហ៊ុំព័ន្ធ ហាមចូល និងហាមប្រើប្រាស់អគារនេះ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីធានាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។ ៣-ក្រសួង ដ.ន. ស. នឹងសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីវាយរំលំសំណង់អគារចាស់ទ្រុឌទ្រោមនេះ ក្រោយផុតពេលកំណត់នៃការចាកចេញរបស់គ្រួសារប្រជាពលរដ្ឋ ចុងក្រោយចំនួន៤គ្រួសារខាងលើ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ សូមជម្រាបផងដែរថា សម្រាប់ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 Telegram, Twitter, WhatsApp, Line, CoolApp៕
















