(ភ្នំពេញ)៖ ប្រជាពលរដ្ឋ បានរាយការណ៍មកថា មានមនុស្សម្នា បាននឹងកំពុងប្រមូលផ្ដុំគ្នាចាក់ល្បែងឡូតូអនឡាញ ៨៨៨៨ ល្មើសច្បាប់មួយកន្លែង យ៉ាងសប្បាយរីករាយ និងយ៉ាងអនាធិបតេយ្យ ដោយគ្មានខ្លាចញញើត អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាននោះឡើយ បន្ទាប់ពីមានរួចមកហើយដែរ ឱ្យបង្ក្រាបទាំងផ្ទាល់ និងតាមអនឡាញ នៃសេចក្ដីណែនាំ សារាចរណែនាំ និងប្រសាសន៍ដឹកនាំបញ្ជាយ៉ាងយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំ រាជធានីភ្នំពេញ ក្រសួងមហាផ្ទៃ និងសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា។
ប្រជាពលរដ្ឋ បានថ្លែងប្រាប់គេហទំព័រ ខ្លាសអាស៊ី-ធីវី ឱ្យបានដឹងថា សម្រាប់ទីតាំងល្បែងឡូតូអនឡាញល្មើសច្បាប់ ៨៨៨៨ មួយកន្លែងខាងលើនេះ បាននិងកំពុងបើកចំហរទទួលភ្ញៀវចូលចាក់លេងកំសាន្ដសប្បាយរាល់ថ្ងៃ និងយ៉ាងគគ្រឹកគគ្រេង ដោយភ្នាល់ច្រើនៗ និងធំៗ ហើយមានអ្នកខ្លះឈ្នះ និងភាគច្រើនចាញ់ ថែមទាំងជំពាក់លុយមេទៀតផង នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥នេះ ដែលស្ថិតនៅត្រង់ចំណុចផ្ទះលេខ៣៩១EO ផ្លូវលេខ២១៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមរយៈបណ្ដាញសង្គម និងបណ្ដាញផ្សព្វផ្សាយផ្សេងៗទៀត និងស្នើសុំមិនបញ្ចេញឈ្មោះ ប្រជាពលរដ្ឋដដែល បានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ពិសេស លោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពខណ្ឌទួលគោក និងជាអភិបាលខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកចៅសង្កាត់ លោកនាយប៉ុស្ដិ៍ និងលោកមេភូមិ មេត្តាជួយសហការចុះពិនិត្យ ដើម្បីមានវិធានការ និងឈានដល់ការបិទចោលទាំងស្រុង ក្នុងការចូលរួមបង្ការទប់ស្កាត់ទាន់ពេលវេលា ដើម្បីភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ក្រោយពីមានរួចហើយដែរ ឱ្យបង្ក្រាបទាំងផ្ទាល់ និងតាមអនឡាញ នូវសេចក្ដីណែនាំ របស់អភិបាលរាជធានីភ្នំពេញ និងសារាចរណែនាំ ៥ចំណុច ពីសំណាក់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយសំខាន់ប្រសាសន៍ដឹកនាំបញ្ជាយ៉ាងយកចិត្តទុកដាក់ ដោយសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា៕


