(ភ្នំពេញ)៖ លោក ម៉ៅ វណ្ណា ចៅសង្កាត់គីឡូម៉ែត្រលេខ៦ និងជាប្រធានក្រុមប្រឹក្សាសង្កាត់ បានជំរុញឱ្យមន្ត្រីសង្កាត់-ភូមិ ក្នុងនាមមន្ត្រីសាធារណៈ ឱ្យយកចិត្តទុកដាក់រាល់ការប្រើឥរិយាបថឱ្យបានសមរម្យ ជាមួយប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ ដែលមកទទួលសេវាផ្សេងៗ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ជានិច្ច។
ការជំរុញរបស់លោកចៅសង្កាត់យ៉ាងដូច្នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៥ របស់ក្រុមប្រឹក្សាសង្កាត់ ដោយមានការចូលរួមពីមន្ត្រីនៃសមាជិកក្រុមប្រឹក្សា ដែលពាក់ព័ន្ធមួយចំនួន ស្ថិតនៅសាលប្រជុំសាលាសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នារសៀលថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ។
នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៥ របស់ក្រុមប្រឹក្សាសង្កាត់គីឡូម៉ែត្រលេខនេះដែរ, លោក ម៉ៅ វណ្ណា បានដាក់ចេញនូវរបៀបវារៈ ដែលបានគ្រោងទុក និងសំខាន់ៗចំនួន៣ រួមមាន៖ ១-ពិនិត្យពិភាក្សា និងអនុម័តកំណត់ហេតុប្រជ៉ំសាមញ្ញលើកទី៣៤, ២-ពិនិត្យពិភក្សា និងអនុម័ត របាយការណ៍រីកចំរើន ខែឧសភា ឆ្នាំ២០២៥, ៣-បញ្ហាផ្សេងៗ និងរបាយការណ៍ចំណូលសេវារដ្ឋបាលរបស់សង្កាត់ ប្រចាំខែមេសា ឆ្នាំ២០២៥។ សូមជម្រាបផងដែរថា សម្រាប់ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 Telegram, Twitter, WhatsApp, Line, CoolApp៕








