(ភ្នំពេញ)៖ លោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ «បានដាក់ចេញនូវផែនការសំខាន់ៗមួយចំនួន ដើម្បីជម្រុញឲ្យមន្ត្រីសហការគ្នាយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាព តាមគោលការដឹកនាំតាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌឬស្សីកែវ និងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឬស្សីកែវ ដែលដឹកនាំដោយលោក ជិន ប៊ុនធឿន អភិបាល នៃគណៈអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ»។
សម្រាប់ផែនការសំខាន់ៗ ដែលបានដាក់ចេញដោយលោកស្រីចៅសង្កាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ទួលសង្កែទី១ បានធ្វើឡើងក្នុងឱកាសដែលលោកស្រីអញ្ជើញដឹកនាំបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពសង្កាត់ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីក្រុមប្រឹក្សា ស្មៀន មន្ត្រីសង្កាត់ មេភូមិទាំង៦ និងនគរបាលប៉ុស្តិ៍ ព្រមទាំងប្រជាការពារសង្កាត់មួយចំនួនទៀតផងដែរ ស្ថិតនៅសាលប្រជុំសាលាសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
លោកស្រី រាជ ផាវឿន នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពសង្កាត់ទួលសង្កែទី១នេះដែរ «បានសង្កត់ធ្ងន់ ឲ្យមន្ត្រីយកចិត្តទុកដាក់ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ចំពោះការរក្សាការពារនូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថាន និងសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ពិសេសការរៀបចំតុបតែងតាមផ្ទះសម្បែង នូវការដាក់ទង់ជាតិ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងខិតជិតមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ក្រៅពីការយកចិត្តទុកដាក់លើការផ្ដល់សេវាសារណៈទាំងឡាយ ប្រកបដោយគុណភាព ពោលគឺ ធ្វើឲ្យបាន ធ្វើឲ្យលឿនរហ័ស និងតម្លាភាព»៕






