(ភ្នំពេញ)៖ លោក ម៉ៅ វណ្ណ ចៅសង្កាត់គីឡូម៉ែត្រលេខ៦ និងសេនាធិការលោកវរសេនីយ៍ត្រី ញាណ ពុទ្ធា នាយប៉ុស្តិ៍ បានសំណូមពរដល់ប្រជាពលរដ្ឋ ជាអាជីវករប្រកបអាជីវកម្មផ្សេងៗ ឱ្យចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយតាមដងផ្លូវសាធារណៈ តាមរយៈការដាក់តាំងឥវ៉ាន់ និងសម្ភារលក់ដូរទាំងឡាយ កុំឱ្យរំលោភលើចំណីចិញ្ចើមផ្លូវ។
សំណូមពររបស់លោកចៅសង្កាត់ និងលោកនាយប៉ុស្ដិ៍ បានធ្វើឡើងជាបន្តបន្ទាប់ ក្រោយពីទទួលបានផែនការនៅក្នុងកិច្ចប្រជុំ ពីលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ និងក្នុងឱកាសដែលលោកអញ្ជើញដឹកនាំសមាជិកក្រុមប្រឹក្សា និងមន្ត្រីសង្កាត់ កម្លាំងនគរបាលប៉ុស្ដិ៍ និងកម្លាំងប្រជាការពារសង្កាត់ ចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដោយផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ។
ចៅសង្កាត់គីឡូម៉ែត្រលេខ៦ និងមានសេនាធិការនាយប៉ុស្តិ៍ នៅក្នុងកិច្ចសហការនេះ បានសំណូមពរដល់ប្រជាពលរដ្ឋ ដោយហាមចតយានជំនិះផ្សេងៗ (ម៉ូតូ-រថយន្ដ) លើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវ ដែលបណ្ដាលឱ្យមានការកកស្ទះចរាចរណ៍ និងបាត់បង់ទាំងសោភណ្ឌភាព ក្រៅពីការដាក់តាំងឥវ៉ាន់ និងសម្ភារលក់ដូរទាំងឡាយ រំលោភលើចំណីចិញ្ចើមផ្លូវ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ហើយបើក្នុងករណី បងប្អូនប្រជាពលរដ្ឋ និងអាជីវករមិនស្ដាប់តាមការណែនាំ និងមិនសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនោះទេ ច្បាស់ណាស់ប្រាកដជាត្រូវប្រឈមជាមួយវិធានការរដ្ឋបាល ដោយឃាត់ដកហូតយកទាំងយានជំនិះ ឬឥវ៉ាន់ និងសម្ភារនានា មករក្សាទុកដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់ឡើយ៕
















