(បាត់ដំបង)៖ ឆ្នោតវៀតណាម១កន្លែង កំពុងបន្តលួចសង្ងំបើកដំណើរការ និងលួចសង្ងំកត់ឡើងញាប់ដៃក្នុង១ថ្ងៃៗ ដើម្បីទទួលភ្ញៀវប្រមូលផលរាប់លានយ៉ាងរលូន តាំងពីព្រឹករហូតដល់យប់ ស្ថិតនៅភូមិកាប់គោ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយពុំទាន់មានវត្តមាន អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងឡាយណា ចុះត្រួតពិនិត្យ និងចាត់វិធានការបិទ ឬបង្ក្រាបនៅឡើយទេ ក្រោយពីថ្នាក់ដឹកនាំខេត្ត ក្រសួងមហាផ្ទៃ ពិសេសថ្នាក់ដឹកនាំប្រទេស ចេញបទបញ្ជាឲ្យបង្ក្រាបរាល់ប្រភេទល្បែងស៊ីសងល្មើសច្បាប់ ឲ្យអស់យ៉ាងណាក៏ដោយ ក្នុងការទប់ស្កាត់បទល្មើសចោរកម្ម លួច ឆក់ ប្លន់ ជាដើម ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋរស់នៅក្បែរទីតាំង បានលួចបង្ហើបដោយសុំមិនបញ្ចេញឈ្មោះ និងតាមរយៈអ្នកសារព័ត៌មាន បានសំណូមពរ និងស្នើសុំឲ្យអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជា អាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធ មេត្តាជួយអន្តរាគមន៍ចុះស្រាវជ្រាវ និងត្រួតពិនិត្យជាក់ស្ដែង ប្រសិនជាអាចគួរតែបិទចោល ឬចាត់វិធានការបង្ក្រាប នូវប្រភេទល្បែងស៊ីសងឆ្នោតវៀតណាម១កន្លែងនេះ ស្ថិតនៅភូមិកាប់គោ សង្កាត់ចំការសំរោង ដែលកំពុងលួចសង្ងំបើកដំណើរការ និងលួចសង្ងំកត់ទទួលភ្ញៀវ ក្រោយពីកន្លងមក គេតែងតែសង្កេតឃើញ មានការចុះបិទចោលទាំងស្រុង និងបង្ក្រាបជាហូរហែគ្រប់ល្បែងស៊ីសងដែលល្មើសច្បាប់ ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីទប់ស្កាត់រាល់បទល្មើសទាំងឡាយ ក្នុងការចូលរួមអនុវត្ត «គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច» ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ៕