(ភ្នំពេញ)៖ នាយកដ្ដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ បានចេញសេចក្ដីបំភ្លឺព័ត៌មាន នៅថ្ងៃទី២១ ខែមិថុនាថា កាលពីថ្ងៃទី១៩ មានសារព័ត៌មានមួយ បានធ្វើការផ្សព្វផ្សាយព័ត៌មាន ដែលមិនមានមូលដ្ឋានច្បាស់លាស់ ព្រមទាំងរិះគន់ក្នុងន័យចោទប្រកាន់មកលើនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពីភាពអសកម្មការងាររបស់នាយកដ្ឋាន។ ក្នុងន័យនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមធ្វើការបំភ្លឺ និងបដិសេធដាច់ខាតរាល់ការលើកឡើង ដោយគ្មានមូលដ្ឋានព័ត៌មានច្បាស់លាស់។
នាយកដ្ឋានសូមបញ្ជាក់ រាល់ការស្រាវជ្រាវស៊ើបអង្កេតរបស់មន្ត្រីជំនាញទៅលើគណនី ឬទំព័រហ្វេសប៊ុកទាំងឡាយណា ដែលតែងតែផ្សព្វផ្សាយរាល់ព័ត៌មានមិនពិត ព័ត៌មានបំពុលសង្គម ឬព័ត៌មានបង្កជាអំពើញុះញង់ និងចលាចលដល់សន្តិសុខសង្គម តម្រូវឱ្យរក្សាការសម្ងាត់ក្នុងដំណាក់កាលស្រាវជ្រាវស៊ើបអង្កេត ដើម្បីងាយស្រួលក្នុងការកំណត់សាវតារបស់អ្នកប្រព្រឹត្ត ជាពិសេសជៀសវាងអ្នកប្រព្រឹត្តធ្វើការលុបនូវទិន្នន័យ ឬភស្តុតាងពាក់ព័ន្ធរបស់ខ្លួន ដែលបង្កជាផលលំបាកដល់មន្ត្រីជំនាញ និងធ្វើឱ្យប៉ះពាល់ ឬបាត់បង់តម្រុយក្នុងការស្រាវជ្រាវ។
ដើម្បីជាការឆ្លើយតប និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមតួនាទីភារកិច្ចរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាយកដ្ឋានបានខិតខំយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការបង្ការបង្ក្រាប និងទប់ស្កាត់លើករណីផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម និងរាល់បទល្មើសបច្ចេកវិទ្យាគ្រប់ប្រភេទ រហូតឈានដល់ការឃាត់ខ្លួនជនល្មើសជាបន្តបន្ទាប់។ ក្នុងនោះផងដែរ នាយកដ្ឋានតែងតែធ្វើការផ្សព្វផ្សាយអំពីព័ត៌មាន និងវិធានការណ៍ទប់ស្កាត់នានា ដើម្បីកុំឲ្យបងប្អូនប្រជាពលរដ្ឋ មានការចាញ់បោកនូវការឆបោកក្រោមរូបភាពផ្សេងៗ និងការផ្សព្វផ្សាយព័ត៌មានមិនពិត ឬការញុះញង់ណាមួយពីសំណាក់ជនល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។
ជាថ្មីម្តងទៀត នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមធ្វើការអំពាវនាវដល់សាធារណជន ដែលនិយមប្រើប្រាស់ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមនានា សូមចូលរួមសហការជាមួយនាយកដ្ឋាន តាមរយៈការផ្តល់ទិន្នន័យ ឬភស្តុតាងផ្សេងៗពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យាគ្រប់ប្រភេទដល់នាយកដ្ឋាន ដើម្បីជាតម្រុយដល់មន្ត្រីជំនាញក្នុងការស្រាវជ្រាវស៊ើបអង្កេត និងអាចឈានទៅដល់ការបង្ក្រាបឱ្យបានទាន់ពេលវេលា ជាជាងធ្វើការផ្សព្វផ្សាយជាសាធារណៈ ដែលបង្កឱ្យជនល្មើសបានដឹងខ្លួន និងបំផ្លាញទិន្នន័យ ឬភស្តុតាងពាក់ព័ន្ធការប្រព្រឹត្តបទល្មើសរបស់ខ្លួន។
សេចក្តីដូចបានស្រាយបំភ្លឺ និងជម្រាបជូនខាងលើ សូមសាធារណៈជន មេត្តាជ្រាបជាព័ត៌មាន និងសូមស្វាគមន៍ជានិច្ចរាល់ការបញ្ចេញនូវមតិរិះគន់ក្នុងន័យស្ថាបនា ដែលឈានទៅរកការកែលម្អរឲ្យកាន់តែមានភាពល្អប្រសើរជាងមុន ក្នុងកិច្ចការអនុវត្តការងារបម្រើប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល៕