(ភ្នំពេញ)៖ ជាងមួយឆ្នាំ ក្រោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ចេញអនុក្រឹត្យបង្កើតក្រុងរុនតាឯកតេជោសែន នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារអធិការដ្ឋាននគរបាល និងសមិទ្ធផលមួយចំនួនទៀត។
យោងតាមរបាយការណ៍លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អគារអធិការដ្ឋានក្រុងរុនតាឯកតេជោសែន និងសមិទ្ធផលដែលសម្ពោធនៅថ្ងៃនេះ ជាចំណងដៃដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ជូនមន្ត្រី និងប្រជាពលរដ្ឋក្រុងរុនតាឯកតេជោសែន។
សមិទ្ធផលនេះរួមមាន៖ អគារធំទំហំ ១៣,៥x២៣ម៉ែត្រ អគារស្នាក់នៅរបស់មន្ត្រី ទំហំ ៧,២x២៦ម៉ែត្រ អគារផ្ទះបាយ និងកន្លែងហូបបាយ ទំហំ ៥x១៣,៥ម៉ែត្រ អគារឃាត់ខ្លួនបណ្តោះអាសន្ន ទំហំ ៥x១០ម៉ែត្រ រោងចំណតរថយន្តពន្លត់អគ្គិភ័យ ទំហំ ៧,៤x១៣,៥ម៉ែត្រ បន្ទប់ទឹកសាធារណៈ ទំហំ ២,៧x៥,៨ម៉ែត្រ របងព័ទ្ធជុំវិញប្រវែង ២៩១,៥៧x២ម៉ែត្រ ខ្លោងទ្វារប៉ុស្តិ៍យាម១កន្លែង រៀបចំចំណតរថយន្ត១កន្លែង និងដងទង់ជាតិចំនួន១ សាងសង់លើផ្ទៃដីទំហំ ៥០០០ម៉ែត្រការ៉េ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានចាត់ទុកសមិទ្ធផលអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន ជាមនុញ្ញផលថ្មីមួយទៀត កើតចេញពីមរតកនៃការដឹកនាំប្រកបដោយបទពិសោធឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការបន្តពូនជ្រុំប្រកបដោយភាពស្វាហាប់ពីរាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ភ្ជាប់នឹងអំណរសាទរជាមួយមន្ត្រីនគរបាល និងប្រជាពលរដ្ឋក្រុងថ្មីមួយនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំលោកវរសេនីយ៍អធិការ និងមន្ត្រីនគរបាលចំណុះអធិការដ្ឋាន រួមគ្នាថែទាំសមិទ្ធផលមួយនេះ ហើយខិតខំបំពេញតួនាទីភារកិច្ចឱ្យបានល្អ ដើម្បីកសាងគុណតម្លៃឱ្យអធិការដ្ឋានក្លាយ ជាកន្លែងផ្ដល់ទំនុកចិត្ត និងភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបង្ហាញការពេញចិត្តចំពោះការរៀបចំកសាងអធិការដ្ឋានថ្មីនេះ ថាមានលក្ខណៈស្តង់ដារ មានរចនាបថស័ក្ដិសមសម្រាប់ការបំពេញការងាររបស់មន្ត្រីក្នុងខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍វប្បធម៌របស់ជាតិ។ ឯកឧត្តម ក៏បានណែនាំឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការ សហការជាមួយអង្គភាពពាក់ព័ន្ធ ពន្លឿនការដោះស្រាយនិងរៀបចំអធិការដ្ឋានក្រុង ស្រុក ខណ្ឌមួយចំនួន ឱ្យបានស័ក្ដិសមនៅមុនដំណាច់ឆ្នាំ២០២៨។
ពីវេទិកាអធិបតីនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍កោតសរសើរថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប រួមទាំងស្នងការដ្ឋាននគរបាលខេត្ត ដែលបានសហការជាមួយខេត្តជាប់ព្រំដែន រួមចំណែករែកពុនដោះស្រាយការស្នាក់នៅបណ្ដោះអាសន្ន ជូនប្រជាពលរដ្ឋភៀសសឹក ក្នុងអំឡុងពេលនៃការប្រយុទ្ធការពារបូរណភាពទឹកដី ទប់ទល់នឹងអំពើឈ្លានពានពីសំណាក់កងទ័ពថៃ។ ឯកឧត្តមចាត់ទុកការងារនេះជាផ្នែកមួយនៃស្មារតីរួបរួមជាតិដ៏រឹងមាំរបស់ខ្មែរ។
ក្នុងចំណោមអនុសាសន៍សំខាន់ៗដែលបានផ្ដល់ជូនទៅកាន់មន្ត្រីពាក់ព័ន្ធនាឱកាសនោះ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានបន្តសង្កត់ធ្ងន់អំពីភាពចាំបាច់នៃការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជាពិសេសការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រឿងញៀន ក្មេងទំនើង អំពើជួញដូរមនុស្ស និងការធានាផ្ដល់សេវាសាធារណៈប្រកបដោយគុណភាពជូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន។
សូមបញ្ជាក់ថា បន្ថែមលើអំណោយដ៏ថ្លៃថ្លាដូចបានបញ្ជាក់ខាងដើម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក៏បានឧបត្ថម្ភជូនអធិការដ្ឋាននគរបាលក្រុងរុនតែឯកតេជោសែន នូវរថយន្ត Pick up ថ្មី ចំនួន១គ្រឿង ព្រមទាំងកុំព្យូទ័រមួយចំនួនទៀត។ ការឧបត្ថម្ភនេះ គឺបន្ថែមលើថវិកា ដែលផ្ដល់ជូនអធិការដ្ឋាន តំណាងអង្គភាពពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ និងយុវជន ដែលបានចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលដ៏អធិកអធមនាឱកាសនោះ៕ សម្រាប់ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 YouTube, Facebook, Instagram, TikTok, Telegram, Twitter, WhatsApp, Line, CoolApp










