(ភ្នំពេញ)៖ នៅរសៀលថ្ងៃសៅរ៍ ០៦រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ នៃរដ្ឋបាលខណ្ឌ៧មករា បានបន្តអញ្ជើញចូលរួមពិធីសូត្រមន្តកាន់បិណ្ឌវេនទី៧ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ វីរៈជន ដែលបានពលីទៅកាន់លោកខាងមុខ។
ការបន្តពិធីសូត្រមន្តកាន់បិណ្ឌវេនទី៧ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដមបណ្ឌិត លី ឆេង ប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌ៧មករា និងលោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ និងមន្ត្រីក្រោមឱវាទ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ដែលបានរៀបចំប្រារព្ធឡើង នៅវត្តសំពៅមាស ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
នៅក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី៧ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះដែរ, ថ្នាក់ដឹកនាំរដ្ឋបាលខណ្ឌ៧មករាទាំងអស់ បានរៀបចំប្រារព្ធធ្វើឡើងយ៉ាងយកចិត្តទុកដាក់ ទៅតាមប្រពៃណី និងទំនៀមទម្លាប់ របស់ប្រជាជនខ្មែរ ដែលសំដៅដល់ការឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ វីរៈជន ដែលបានពលីទៅកាន់លោកខាងមុខ ដោយក្នុងនោះ មានទាំងការសូត្រមន្តនមស្ការព្រះរតនត្រ័យ សមាទានសីល និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងចូលរួមស្តាប់ព្រះធម៌ទេសនា។
សូមបញ្ជាក់ថា ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ វីរៈជន ដែលបានពលីទៅកាន់លោកខាងមុខ កាលពីរសៀលថ្ងៃអាទិត្យ ១៥កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅវត្តព្រះពុទ្ធមានបុណ្យ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា, ឯកឧត្ដមបណ្ឌិត លី ឆេង ប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌ៧មករា និងលោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា ព្រមទាំងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងលោកស្រី ព្រមទាំងមន្ត្រីក្រោមឱវាទ និងពុទ្ធបរិស័ទ បានអញ្ជើញនាំយកបច្ច័យ និងទេយ្យទាន ប្រគេនព្រះសង្ឃ សូត្រមន្តកាន់បិណ្ឌវេនទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ម្ដងរួចមកហើយដែរ។
ប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌ៧មករា និងប្រធានក្រុមប្រឹក្សាខណ្ឌ ព្រមទាំងលោកអភិបាល នៃគណៈអភិបាលខណ្ឌ ក្រៅពីនាំយកបច្ច័យ និងទេយ្យទាន ប្រគេនព្រះសង្ឃ សូត្រមន្តកាន់បិណ្ឌវេនទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ វីរៈជន ដែលបានពលីទៅកាន់លោកខាងមុខ លោកទាំងទ្វេ ក៏បានសូមជូនបុណ្យកុសលដល់បងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់គ្នា និងសូមប្រកបដោយសុខភាពល្អបរិបូរណ៍ ប្រកបរបរទទួលទានមានបាន មានសុភមង្គលក្នុងក្រុមគ្រួសារទាំងអស់គ្នា និងជួបនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕













