(ភ្នំពេញ)៖ តំណាងលោក ម៉ូវ ម៉ានិត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ និងជាអភិបាលខណ្ឌ, លោក សាំង សុភៈវិចិត្រ និងលោក ញាណ ចន្ថាវេរ៉ា អភិបាលរងខណ្ឌ២រូប បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ចុះបង្ក្រាបបិទចោលទាំងស្រុង និងដកហូតសម្ភារមួយចំនួនទៀត ដែលបម្រើឲ្យសកម្មភាពលួចលាក់បើកល្បែងភ្នាល់ស៊ីសង១កន្លែង (ឡូតូអនឡាញ)។
សកម្មភាពនៃការបង្ក្រាបប្រភេទល្បែងភ្នាល់ស៊ីសង (ឡូតូអនឡាញ) ពីសំណាក់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ ពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងបណ្ដាញសារព័ត៌មាន ពិសេសប្រជាពលរដ្ឋ និងបានអនុវត្តឡើងយ៉ាងយកចិត្តទុកដាក់ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។
ក្រោយពីបង្ក្រាប និងធ្វើកំណត់ហេតុបិទចោលទាំងស្រុង ព្រមទាំងដកហូតវត្ថុតាងមួយចំនួន ដែលបម្រើឲ្យសកម្មភាពលួចបើកល្បែងភ្នាល់ខុសច្បាប់ មានដូចជា ម៉ាស៊ីនកុំព្យូរទ័រចំនួន១គ្រឿង ព្រីភ្លើង១ដុំ និងតុចំនួន១, កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីបន្តធ្វើការស្រាវជ្រាវ និងចាត់ការតាមនិតិវិធី ក្រោយពីពេលកន្លងមក ថ្នាក់ដឹកនាំរាជធានីភ្នំពេញ ពិសេសថ្នាក់ដឹកនាំប្រទេស បានចេញបទបញ្ជាឲ្យទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅតាមមូលដ្ឋាន ដើម្បីធានានូវសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងសុខសុវត្ថិភាពបន្ថែមទៀត ជូនប្រជាពលរដ្ឋ៕