Boostrong

ការិយាល័យច្រកចេញ-ចូលតែមួយរដ្ឋបាលខណ្ឌសែនសុខ បន្តយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក្រោមការដឹកនាំពីអភិបាលខណ្ឌ

ព័ត៌មានជាតិ

(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានរស់នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ បានសម្រុកទៅទទួលយកការផ្ដល់សេវាសាធារណៈផ្សេងៗ និងមានការតម្រង់ជាជួរតាមលេខរៀង សម្រាប់អ្នកមកមុន និងអ្នកមកក្រោយ ដោយទឹកមុខសប្បាយរីករាយចំពោះប្រសិទ្ធភាព គុណភាព និងតម្លាភាព ក្នុងការឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការចាំបាច់ និងការគាំទ្រនូវឥរិយាបថរាក់ទាក់ស្វាគមន៍យ៉ាងទន់ភ្លន់ ពីមន្ត្រីពាក់ព័ន្ធ នៃការិយាល័យច្រកចេញ-ចូលតែមួយរដ្ឋបាលខណ្ឌ ក្រោមការយកចិត្តទុកដាក់ដឹកនាំពីប្រធានលោក ទី អ៉ីយូរ៉ាមុន្នី ពិសេសពីសំណាក់លោកអភិបាលខណ្ឌ ម៉ូវ ម៉ានិត។

តើការិយាល័យច្រកចេញ-ចូលតែមួយក្រុង ស្រុក ខណ្ឌ គឺជាអ្វី? ដោយអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ១២ សសរ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៨ ក្រសួងមហាផ្ទៃបានដាក់ចេញនូវប្រកាសលេខ ៩២៨ ប្រក ចុះថ្ងៃទី១២ ខែមិនា ឆ្នាំ២០០៩ ស្តីពីការបង្កើតការិយាល័យច្រកចេញ-ចូលតែមួយនៅបណ្តាក្រុង ស្រុក ខណ្ឌ។ ការបង្កើតឡើងនូវការិយាល័យច្រកចេញ-ចូលតែមួយថ្នាក់ក្រុង ស្រុក ខណ្ឌមានគោលបំណងសំខាន់ៗដូចខាងក្រោម៖ *លើកកម្ពស់គោលការណ៍អភិបាលកិច្ចល្អ ការកែទម្រង់ប្រព័ន្ធរដ្ឋបាលដោយពង្រីកវិសាលភាពសេវាកម្មដែលផ្តល់ដោយរដ្ឋបាលក្រុង ស្រុក ខណ្ឌឱ្យបានទូលំទូលាយតាមរយៈការប្រមូលផ្តុំសេវាកម្មទាំងអស់ ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ក្រុង ស្រុក ខណ្ឌ ដែលត្រូវផ្តល់ជូនអតិថិជននៅកន្លែងតែមួយ។ *កែលម្អការផ្តល់សេវារដ្ឋបាល កាត់បន្ថយអំពើពុករលួយ និងបង្កើនការជឿទុកចិត្តពីប្រជាពលរដ្ឋមកលើប្រព័ន្ធរដ្ឋបាល។ *លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការផ្តល់មតិយោបល់ និងការរិះគន់ស្ថាបនាដើម្បីកែលម្អការអនុវត្តលើប្រព័ន្ធរដ្ឋបាល។ *បង្ខិតរដ្ឋបាលឱ្យនៅកៀកជិតប្រជាពលរដ្ឋ បង្កភាពងាយស្រួលក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព គុណភាព តម្លាភាព ឆ្លើយតបទាន់ពេលវេលា ទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

ការិយាល័យច្រកចេញ-ចូលតែមួយ គឺជាកន្លែងផ្តល់សេវារដ្ឋបាល ដែលប្រជាពលរដ្ឋត្រូវការចាំបាច់ឱ្យបានទាន់ពេលវេលា មានតម្លាភាព និងតាមនីតិវិធីសាមញ្ញ ជាកន្លែងប្រមូលផ្តុំសេវារដ្ឋបាល និងនីតិវិធីរដ្ឋបាលមួយចំនួននៅកន្លែងតែមួយ និងជាកន្លែងអតិថិជនមកទទួលទម្រង់បែបបទ និងទទួលព័ត៌មានគ្រប់គ្រាន់ច្បាស់លាស់ស្តីពីការផ្តល់សេវារដ្ឋបាលផ្សេងៗ និងការបង់ថ្លៃសេវា ឬអាករផ្សេងៗ ហើយក៏ជាកន្លែងផ្តល់លទ្ធផលសម្រេចជាផ្លូវការលើសេចក្តីស្នើសុំដល់ប្រជាពលរដ្ឋ។ ការិយាល័យច្រកចេញ-ចូលតែមួយត្រូវរៀបចំឱ្យមានផ្នែកសំខាន់ពីរគឺ ផ្នែកជួរមុខ និងផ្នែកជួរក្រោយ។ ផ្នែកជួរមុខត្រូវបានចាត់ទុកជាផ្នែកស្នូលនៃការិយាល័យច្រកចេញ-ចូលតែមួយ ជាកន្លែងប្រជាពលរដ្ឋមកប្រាស្រ័យទាក់ទងដោយផ្ទាល់ដើម្បីមកទទួលសេវាកម្មពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ ផ្នែកជួរមុខមានបីក្រុម៖ *ក្រុមទទួល ប្រគល់ឯកសារ និងផ្តល់ព័ត៌មាន៖ មានភារកិច្ចទទួលពាក្យស្នើសុំ ប្រគល់ឯកសារ និងផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋដោយផ្ទាល់។ *ក្រុមនីត្យានុកូលកម្ម៖ មានភារកិច្ចធ្វើនីត្យានុកូលកម្មឯកសារនិងត្រូវសម្រេចភ្លាមនៅផ្នែកជួរមុខតែម្តង។

*ក្រុមទូទាត់ប្រាក់៖ មានភារកិច្ចទទួលកម្រៃសេវាកម្មរដ្ឋបាលនិងរក្សាបញ្ជីថ្លៃសេវាកម្មទាំងអស់។ ផ្នែកជួរមុខអាចបញ្ជូនប្រជាពលរដ្ឋដែលស្នើសុំសេវាទៅជួរក្រោយបានតែក្នុងករណីចាំបាច់ដើម្បីឱ្យអតិថិជននោះការពារជាពិសេសនូវទិន្នន័យឯកជនរបស់ខ្លួនតែប៉ុណ្ណោះ។ ផ្នែកជួរក្រោយជាផ្នែកទទួលរ៉ាប់រងសេវាកម្ម ដែលមាននីតិវិធីស្មុគស្មាញ និងស៊ាំញ៉ាំ ឬនីតិវិធីរដ្ឋបាលដែលត្រូវការពេលវេលា ដើម្បីពិនិត្យបច្ចេកទេស និងត្រូវសម្រេចបញ្ចប់ដោយផ្នែកជួរក្រោយរបស់ការិយាល័យច្រកចេញ-ចូលតែមួយ ឬតម្រូវឱ្យសេវាកម្មនោះត្រូវសម្រេច និងបញ្ចប់ដោយសហការរវាងការិយាល័យច្រកចេញ-ចូលតែមួយ ជាមួយអង្គភាពការិយាល័យជំនាញនានានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌក្នុងរយៈពេលមួយជាកំណត់។ មន្ត្រីរាជការ បុគ្គលិកទាំងអស់ត្រូវបំពេញការងារប្រកបដោយភាពរាក់ទាក់ រួសរាយចំពោះប្រជាពលរដ្ឋ។ ក្នុងការធ្វើបដិសណ្ឋារកិច្ចឱ្យបានល្អជាមួយប្រជាពលរដ្ឋ ការិយាល័យច្រកចេញ-ចូលតែមួយត្រូវរៀបចំឱ្យមានកន្លែងរងចាំ កន្លែងផ្តល់ព័ត៌មាន រៀបចំឱ្យមានបរិយាកាសល្អ មានសណ្តាប់ធ្នាប់ របៀបរៀបរយ និងថែទាំអនាម័យឱ្យបានល្អនៅទីតាំងផ្តល់សេវា និងធ្វើការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័យមានតម្លាភាព និងឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ ក្នុងករណីដែលសំណើណាមួយរបស់ប្រជាពលរដ្ឋត្រូវបដិសេដបន្ទាប់ពីការពិនិត្យល្អិតល្អន់រួចហើយ មន្ត្រីរាជការ បុគ្គលិកត្រូវបញ្ជាក់ឱ្យបានច្បាស់លាស់អំពីមូលហេតុនៃការបដិសេដជាលាយលក្ខណ៍អក្រជូនទៅប្រជាពលរដ្ឋវិញ។ កម្រៃសេវារដ្ឋបាលដែលផ្តល់ដោយការិយាល័យច្រកចេញ-ចូលតែមួយត្រូវផ្សព្វផ្សាយជាសាធារណៈតាមខិត្តបណ្ណ តាមប្រព័ន្ធផ្សព្វផ្សាយនានា និងបណ្តាញទំនាក់ទំនងសង្គមផងដែរ។ នៅតាមបញ្ឈរទទួលប្រាក់ត្រូវមានបិទផ្សាយព័ត៌មានអំពីកម្រៃសេវាឱ្យបានច្បាស់លាស់។

ដើម្បីផ្តល់ភាពងាយស្រួលជូនដល់ប្រជាពលរដ្ឋ ទម្រង់បែបបទសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋបំពេញ និងទម្រង់បែបបទលិខិតឆ្លើយតប ត្រូវមានលក្ខណៈសាមញ្ញ ខ្លី ច្បាស់លាស់ និងងាយយល់។ ក្នុងករណីប្រជាពលរដ្ឋមិនចេះអក្សរ មន្ត្រីជួរមុខនៃការិយាល័យច្រកចេញ-ចូលតែមួយអាចជួយបំពេញជំនួសបាន ដោយមិនមានការទាមទារកម្រៃបន្ថែមនោះឡើយ។ ការិយាល័យច្រកចេញចូលតែមួយផ្តល់សេវាលើវិស័យដូចខាងក្រោម៖ *១- ការងារនីត្យានុកូលកម្ម(ការបញ្ជាក់លើឯកសារថតចម្លង) *២- ការងាររដ្ឋបាល *៣- ការផ្ទេរសិកាន់កាប់អចលនទ្រព្យដែលពុំទាន់ចុះបញ្ជីរ *៤- ការងារអត្រានុកូលដ្ឋាន *៥- វិស័យអប់រំ យុវជន និងកីឡា *៦- វិស័យវប្បធម៌ និងវិចិត្រសិល្បះ *៧- វិស័យទេសចរណ៍ *៨- វិស័យសុខាភិបាល *៩-វិស័យឧស្សាហកម្ម និងសិប្បកម្ម និងវិស័យរ៉ែ និងថាមពល *១០- វិស័យពាណិជ្ជកម្ម *១១- វិស័យសំណង់ *១២- វិស័យកសិកម្ម *១៣- វិស័យដឹកជញ្ជូន

យន្តការច្រកចេញ-ចូលតែមួយសម្រាប់ស្រុកដែលពុំទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់បង្កើតជាការិយាល័យច្រកចេញចូលតែមួយ អនុលោមមាត្រា ១៥ នៃអនុក្រឹត្យលេខ១៨ អនក្រ.បក ស្តីពីការបង្កើតយន្តការច្រកចេញ-ចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបង្កើតយន្តការច្រកចេញ-ចូលតែមួយសម្រាប់ស្រុកដែលពុំទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់បង្កើតការិយាល័យច្រកចេញចូលតែមួយដើម្បីផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនៅក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខ្លួន។ យន្តការច្រកចេញ-ចូលតែមួយ គឺជាកន្លែងប្រមូលផ្តុំសេវារដ្ឋបាលនៅកន្លែងតែមួយ តាមនីតិវិធីសាមញ្ញ ប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ យន្តការនេះត្រូវរៀបចំ និងបង្កើតឡើងស្ថិតនៅក្រោមការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុនៃរដ្ឋបាលស្រុក។ យន្តការច្រកចេញ-ចូលតេមួយមានតួនាទី ភារកិច្ចដូចខាងក្រោម៖ *ផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ *ផ្សព្វផ្សាយ និងផ្តល់ព័ត៌មាននានាពាក់ព័ន្ធនឹងការផ្តល់សេវារដ្ឋបាលឱ្យបានទូលំទូលាយ ជូនដល់ប្រជាពលរដ្ឋដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមមធ្យោបាយនានាដូចជា ក្តារព័ត៌មានសាធារណៈ បណ្តាញផ្សព្វផ្សយព័ត៌មាន បណ្តាញសង្គម ខិត្តបណ្ណ វេទិកាសាធារណៈ និងកិច្ចប្រជុំនានាជាដើម។

*សម្របសម្រួលដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋពាក់ព័ន្ធនឹងការផ្តល់សេវារដ្ឋបាលដែលស្ថិតក្នុងក្របខ័ណ្ឌដែនសមត្ថកិច្ចរបស់រដ្ឋបាលស្រុក។ យន្តការច្រកចេញ-ចូលតែមួយត្រូវរៀបចំជាពីរផ្នែក គឺផ្នែកជួរមុខ និងផ្នែកជួរក្រោយ។ *ផ្នែកជួរមុខ ជាកន្លែងប្រជាពលរដ្ឋមកប្រាស្រ័យទាក់ទងដោយផ្ទាល់ ដើម្បីទទួលព័ត៌មាននានាអំពីការផ្តល់សេវារដ្ឋបាល ទទួលទម្រង់បែបបទ ដាក់ពាក្យស្នើសុំ បង់ប្រាក់កម្រៃសេវា និងទទួលលទ្ធផលសម្រេចជាផ្លូវការនៃសេវារដ្ឋបាលដែលបានស្នើសុំ។ ផ្នែកជួរមុខនៃយន្តការច្រកចេញចូលតែមួយត្រូវរៀបចំនៅក្នុងបរិវេណសាលាស្រុក ឬនៅកន្លែង ណាមួយដែលមានលក្ខណៈសមស្រប និងមានលក្ខណៈងាយស្រួលសម្រាប់ប្រជាពលរដ្ឋមកទំនាក់ទំនងក្នុងការស្នើសុំសេវារដ្ឋបាល។ បុគ្គលិកផ្នែកជួរមុខ នៃយន្តការច្រកចេញចូលតែមួយរួមមាន៖ *បុគ្គលិកទទួលបន្ទុកផ្នែកព័ត៌មាននិងប្រគល់ឯកសារ និងបុគ្គលិកទទួលបន្ទុកការងារបេឡា។ *ផ្នែកជួរក្រោយ គឺជាផ្នែកទ្រទ្រង់ដ៏សំខាន់លើការងារបច្ចេកទេស។ ផ្នែកជួរក្រោយមានតួនាទី ពិនិត្យ និងផ្តល់យោបល់ផ្នែកបច្ចេកទេសលើការផ្តល់សេវារដ្ឋបាលតាមវិស័យជំនាញ។ ផ្នែកជួរក្រោយនេះត្រូវរៀបចំឱ្យស្ថិតនៅតាមការិយាល័យជំនាញពាក់ព័ន្ធនីមួយៗនៅថ្នាក់ស្រុក និង/ឬស្ថិតនៅតាមមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ។

ការផ្តល់សេវាតាមយន្តការច្រកចេញ-ចូលតែមួយត្រូវអនុវត្តតាមជំហានដូចខាងក្រោម៖ *១-ការផ្តល់ព័ត៌មាន និងពាក្យស្នើសុំ និងទម្រង់បែបបទ *២-ការទទួលពាក្យស្នើសុំ និងសំណុំឯកសារភ្ជាប់ *៣-ការបង់កម្រៃសេវារដ្ឋបាល *៤-ការពិនិត្យ និងបញ្ជូនពាក្យស្នើសុំ និងសំណុំឯកសារភ្ជាប់ទៅផ្នែកជួរក្រោយ *៥-ការពិនិត្យ និងផ្តល់យោបល់បច្ចេកទេសដោយផ្នែកជួរក្រោយ *៦-ការពិនិត្យ និងការសម្រេច *៧-ការផ្តល់លទ្ធផលសម្រេចបញ្ជាក់៖ ការបង់កម្រៃសេវារដ្ឋបាលអាចធ្វើឡើងតាមរយៈការបង់សាច់ប្រាក់ដោយផ្ទាល់នៅបញ្ជរ ឬតុបេឡា នៃយន្តការច្រកចេញចូលតែមួយ ឬតាមរយៈការផ្ទេរប្រាក់ដោយភ្នាក់ងារផ្តល់សេវាផ្ទេរប្រាក់ដែលបានកំណត់ដោយក្រសួង ស្ថាប័នពាក់ព័ន្ធ។ ប្រភេទសេវាដែលផ្តល់ដោយយន្តការច្រកចេញចូលតែមួយសម្រាប់ស្រុកដែលពុំមានលក្ណៈសម្បត្តិគ្រប់គ្រាន់សម្រាប់បង្កើតការិយាល័យច្រកចេញចូលតែមួយមានដូចគ្នានឹងប្រភេទសេវាដែលផ្តល់ដោយការិយាល័យច្រកចេញ-ចូលតែមួយតាមក្រុង ស្រុក ខណ្ឌផងដែរ៕

https://api.whitetigertv-asia.com/uploads/images/1720414934964-photo_2024-07-07_16-57-57.jpghttps://api.whitetigertv-asia.com/uploads/images/1720414934966-photo_2024-07-07_16-58-24.jpghttps://api.whitetigertv-asia.com/uploads/images/1720414934968-photo_2024-07-07_16-58-32.jpghttps://api.whitetigertv-asia.com/uploads/images/1720414934971-photo_2024-07-07_16-58-40.jpghttps://api.whitetigertv-asia.com/uploads/images/1720414934981-photo_2024-07-07_16-59-05.jpghttps://api.whitetigertv-asia.com/uploads/images/1720414934986-photo_2024-07-07_16-59-16.jpghttps://api.whitetigertv-asia.com/uploads/images/1720414934990-photo_2024-07-07_16-59-22.jpghttps://api.whitetigertv-asia.com/uploads/images/1720414934994-photo_2024-07-07_16-59-27.jpghttps://api.whitetigertv-asia.com/uploads/images/1720414935005-photo_2024-07-07_16-59-33.jpghttps://api.whitetigertv-asia.com/uploads/images/1720414935013-photo_2024-07-07_16-59-45.jpghttps://api.whitetigertv-asia.com/uploads/images/1720414935015-photo_2024-07-07_17-00-01.jpghttps://api.whitetigertv-asia.com/uploads/images/1720414935017-photo_2024-07-07_17-00-09.jpghttps://api.whitetigertv-asia.com/uploads/images/1720414935019-photo_2024-07-07_17-00-18.jpghttps://api.whitetigertv-asia.com/uploads/images/1720414935020-photo_2024-07-07_17-00-25.jpghttps://api.whitetigertv-asia.com/uploads/images/1720414935021-photo_2024-07-07_17-00-31.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស៊ើបអង្កេត
ចែករំលែក
Boostrong