ខ្លាសអាស៊ីធីវី

សមត្ថកិច្ចតាមប្រមាញ់ចាប់ជនដៃដល់បានហើយ នៅខេត្តតាកែវ ដែលបានបាញ់រះសម្លាប់មនុស្ស៣នាក់ និងរងរបួសម្នាក់ នៅខេត្តកំពត

ព័ត៌មានជាតិ

(តាកែវ)៖ ជនដៃដល់ជាឃាតករ ដែលបានបាញ់រះសម្លាប់មនុស្ស៣នាក់ និងរងរបួសម្នាក់ នៅខេត្តកំពត ហើយរត់គេចខ្លួនបាត់នោះ ពេលនេះចាប់ឃាត់ខ្លួនបានហើយ នៅខេត្តតាកែវ ដោយមានកិច្ចសហការពីកងកម្លាំងសមត្ថកិច្ចជំនាញអាវុធហត្ថពាក់ព័ន្ធមួយចំនួន បន្ទាប់ពីឃាត់ខ្លួនស្ត្រីជាប្រពន្ធ ដែលផ្ដើមចេញពីជម្លោះក្នុងវង់ហូបចុក។

សមត្ថកិច្ចបញ្ជាក់ថា កិច្ចសហការនៃប្រតិបត្តិការតាមប្រម៉ាញ់បង្ក្រាបជនសង្ស័យរហូតបានសម្រេចនេះ បានអនុវត្តឡើងនាវេលាម៉ោង១១៖៣០នាទីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ នៅចំនុចភូមិម្រះព្រៅ ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។

ក្រោយពីទទួលបានបទបញ្ជាដោយលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនិតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ, កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរង ទទួលការងារនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងមូលដ្ឋានស្រុកបាទី និងមន្ត្រីជំនាញបច្ចេកវិទ្យា នៃស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ ដែលជាជនដៃដល់ ក្នុងករណីឃាតកម្មបាញ់ប្រហារបណ្តាលឱ្យស្លាប់មនុស្សចំនួន៣នាក់ និងរបួសធ្ងន់ចំនួន១នាក់ កាលពីវេលាម៉ោង២០៖៣០នាទីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ នៅភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។

ជនសង្ស័យឈ្មោះ អ៊ុំ វុទ្ធី ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។ បន្ទាប់ពីឃាត់ខ្លួន កម្លាំងកងរាជអាវុធហត្ថ បានដកហូតវត្ថុតាងរួមមាន៖ អាវុធខ្លីចំនួន១ដើម, បង់ចំនួន១, និងគ្រាប់ចំនួន៤គ្រាប់។ បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តតាកែវ កំពុងរៀបចំបំពេញនីតិវិធី ដើម្បីប្រគល់ជនសង្ស័យ និងវត្ថុតាង ទៅកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពត ដើម្បីចាត់ការតាមនិតិវិធីបន្ត។

សូមបញ្ជាក់ថា នៅយប់ថ្ងៃកើតហេតុ ក្រុមជនរងគ្រោះកំពុងជួបជុំគ្នាហូបចុក ពេលនោះក៏មានឆ្កែមួយក្បាលចូលមក ស្រាប់តែជនរងគ្រោះយកកំប៉ុងស្រាគប់ទៅលើឆ្កែ ហើយប្រពន្ធរបស់ខ្មាន់កាំភ្លើងបានចោទថា កំប៉ុងស្រាដែលជនរងគ្រោះគប់នោះត្រូវខ្លួន ក្រោយមកក៏ឈ្លោះប្រកែកគ្នាមួយប្រាវ។ មួយសន្ទុះក្រោយមក ប្រពន្ធរបស់ខ្មាន់កាំភ្លើងយកសាច់រឿងមកប្រាប់ប្ដី ដែលជាខ្មាន់កាំភ្លើង ហើយខ្មាន់កាំភ្លើងបានដើរចេញពីផ្ទះទៅបាញ់រះលើក្រុមជនរងគ្រោះតែម្ដង៕

https://api.whitetigertv-asia.com/uploads/images/1758543566045-photo_2025-09-22_19-14-12.jpghttps://api.whitetigertv-asia.com/uploads/images/1758543590591-photo_2025-09-22_19-14-24.jpghttps://api.whitetigertv-asia.com/uploads/images/1758543590592-photo_2025-09-22_19-14-29.jpghttps://api.whitetigertv-asia.com/uploads/images/1758543590593-photo_2025-09-22_19-14-34.jpghttps://api.whitetigertv-asia.com/uploads/images/1758543590595-photo_2025-09-22_19-14-39.jpghttps://api.whitetigertv-asia.com/uploads/images/1758543590596-photo_2025-09-22_19-14-44.jpghttps://api.whitetigertv-asia.com/uploads/images/1758543590598-photo_2025-09-22_19-14-49.jpghttps://api.whitetigertv-asia.com/uploads/images/1758543590598-photo_2025-09-22_19-15-02.jpghttps://api.whitetigertv-asia.com/uploads/images/1758543590599-photo_2025-09-22_19-15-07.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី