ខ្លាសអាស៊ីធីវី

តបតាមការអញ្ជើញ! យោធភូមិភាគទី៤ កម្ពុជា ជួបពិភាក្សាជាមួយ កងទ័ពភូមិភាគទី២ ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ដើម្បីកសាងទំនុកចិត្តឱ្យកាន់តែប្រសើរឡើង

ព័ត៌មានជាតិ

(ឧត្តរមានជ័យ)៖ តបតាមការអញ្ជើញ! ប្រធានក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នៃយោធភូមិភាគទី៤ កម្ពុជា បានជួបពិភាក្សាការងារជាមួយអនុប្រធានក្រុមលេខា នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) កងទ័ពភូមិភាគទី២ ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ។

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ និងជាប្រធានក្រុមលេខានិងប្រតិភូភាគីថៃដឹកនាំដោយ វរសេនីយ៍ឯក យុត្ថាសាត សេតថាឆៃ នាយរងសេនាធិការ កងទ័ពភូមិភាគទី២ និងជាអនុប្រធានក្រុមលេខាធិការ។

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងទៀតថា ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាគ្នាលើរបៀបវារៈសំខាន់ៗមួយចំនួន នៅក្នុងដែនសមត្ថកិច្ចរបស់ RBC ដើម្បីរៀបចំឱ្យក្លាយទៅជាសកម្មភាពជាក់ស្តែងប្រកបដោយស្ថាបនា ស្របតាមស្មារតីនៃការប្រគល់ភារកិច្ចរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៃប្រទេសទាំងពីរកម្ពុជា-ថៃ រួមទាំងខ្លឹមសារដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ រវាងយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ។ ជាលទ្ធផល ភាគីទាំងពីរបានឯកភាពគ្នា ក្នុងការបង្កើនការប្រាស្រ័យទាក់ទងជាមួយគ្នា ទោះដោយការជួបផ្ទាល់ ឬតាមប្រព័ន្ធទំនាក់ទំនង ក្នុងន័យកសាងទំនុកចិត្តជាមួយគ្នាឱ្យកាន់តែប្រសើរឡើង។

កិច្ចប្រជុំនេះ គឺបានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ដែលសម្រេចឱ្យបាននូវបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលភាគីទាំងពីរបញ្ជាក់សាជាថ្មីអំពីការបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវលទ្ធផលនៃកិច្ចប្រជុំពិសេសនេះ ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការបន្តកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែន ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ និងឈានដល់ការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស៕

https://api.whitetigertv-asia.com/uploads/images/1760696793144-photo_2025-10-17_17-25-25.jpghttps://api.whitetigertv-asia.com/uploads/images/1760696815365-photo_2025-10-17_17-08-52.jpghttps://api.whitetigertv-asia.com/uploads/images/1760696815366-photo_2025-10-17_17-08-59.jpghttps://api.whitetigertv-asia.com/uploads/images/1760696815368-photo_2025-10-17_17-09-03.jpghttps://api.whitetigertv-asia.com/uploads/images/1760696815368-photo_2025-10-17_17-09-08.jpghttps://api.whitetigertv-asia.com/uploads/images/1760696815369-photo_2025-10-17_17-09-12.jpghttps://api.whitetigertv-asia.com/uploads/images/1760696815370-photo_2025-10-17_17-09-16.jpghttps://api.whitetigertv-asia.com/uploads/images/1760696815370-photo_2025-10-17_17-09-21.jpghttps://api.whitetigertv-asia.com/uploads/images/1760696815371-photo_2025-10-17_17-09-25.jpghttps://api.whitetigertv-asia.com/uploads/images/1760696815373-photo_2025-10-17_17-09-30.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី